ព័ត៌មានទាន់ហេតុការណ៍៖

ADB ព្យាករណ៍ពីកំណើនរឹងមាំនិងហានិភ័យចំពោះភាពប្រកួតប្រជែងសម្រាប់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើន ៧ភាគរយ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដោយសារ ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសកល លោក។ នេះបើតាមការលើកឡើងពីរបាយ ការណ៍ស្ដីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញ ផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់ របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេស កម្ពុជាមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលខ្លីបាន មកពីការនាំចេញដ៏រឹងមាំ និងកំណើនលំហូរ ចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យទេសចរណ៍ និងតម្រូវ ការក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយការកើនឡើង ប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងភាពប្រកួតប្រជែងកាន់តែខ្លាំងអាចប៉ះ ពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា។ លោកបានបញ្ជាក់ថា គោលនយោបាយ សម្រួលដំណើរការ និងនីតិវិធីដែលចាំបាច់ សម្រាប់ធ្វើធុរកិច្ចនឹងជួយលើកកម្ពស់ សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុម ហ៊ុនក្នុងស្រុកជាមួយនឹងវិស័យកម្មន្តសាល កាន់តែមានលក្ខណស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជួយបង្កើតការងារល្អៗបន្ថែម ទៀត។

របាយការណ៍បានឱ្យដឹងថា ទិន្នផល ឧស្សាហកម្មរបស់កម្ពុជាទំនងជានឹងបន្ត កើនឡើង៩.៦ភាគរយនៅឆ្នាំនេះជាមួយ នឹងការថមថយកំណើនឧស្សាហកម្មកាត់ ដេរ និងស្បែកជើង ដែលអាចកាត់កងដោយ កំណើនខ្ពស់ជាងមុនក្នុងឧស្សាហកម្មដែល ទើបនឹងលេចចេញជារូបរាង ដូចជាឧស្សាហ កម្មផលិតគ្រឿងអគ្គិសនី គ្រឿងបន្លាស់ រថយន្ត កង់ អង្ករ និងកៅស៊ូ ជាដើម។ កំណើនក្នុងវិស័យសេវាកម្មនឹងបន្តមាន ភាពល្អប្រសើរ ពោលគឺ៧.១ភាគរយ នៅឆ្នាំនេះ ដោយសារភ្ញៀវទេសចរមាន ចំនួនច្រើន។ ទន្ទឹមនេះអាកាសធាតុមាន ស្ថានភាពអំណោយផលកសិកម្មរបស់ ប្រទេសកម្ពុជានឹងមានកំណើន១.៨ភាគ រយក្នុងឆ្នាំ២០១៨។

គោលនយោបាយសារពើពន្ធនឹងមាន លក្ខណពង្រីកបន្ថែមនៅឆ្នាំនេះជាងកាល ពីឆ្នាំ២០១៧ ដោយកំណើនប្រាក់ចំណូល នឹងត្រូវស្រូបយកដោយចំណាយខ្ពស់ជាង មុន និងដោយឱនភាពសារពើពន្ធ ដែល អាចកើនឡើងទៅដល់៥.១ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប។ ឱនភាពគណនី ចរន្ត(ដោយមិនរាប់បញ្ចូលការផ្ទេរធនធានជាផ្លូវការ)នឹងមានការកើនឡើងនៅឆ្នាំ នេះ ដោយសារចំណាយសម្រាប់ប្រេង និង ផលិតផលនាំចូលដទៃទៀតមានការកើន ឡើងក្នុងប្រទេស ដែលមានសេដ្ឋកិច្ចរីក ចម្រើនលឿនមួយនេះ។

ជាមួយគ្នានេះដែរ កំណើនលំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេស និងឥណទានផ្លូវការពីក្រៅប្រទេសទំនងនឹងអាច រ៉ាប់រងឱនភាពគណនីចរន្តបាន ព្រមទាំង អាចបង្កើនទុនបម្រុងក្រៅប្រទេសរហូត ដល់ប្រមាណ១០ពាន់លានដុល្លារត្រឹមចុង ឆ្នាំ២០១៨ ពោលគឺអាចរ៉ាប់រងការនាំចូល ប្រមាណ៦.១ខែ។

ទស្សនវិស័យសេដ្ឋកិច្ចនេះអាចប្រឈម នឹងហានិភ័យនៅផ្នែកខាងក្រោម ដោយ សារភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា ចំពោះភាពមិនប្រាកដ ប្រជានៃវិស័យហិរញ្ញវត្ថុសកលលោក ដែល គេអាចសង្កេតឃើញកន្លងមកដូចជាការ បង្កើនផលធៀបឥណទានធនាគារ ជាមួយ នឹងផលិតផលក្នុងស្រុកសរុបទ្វេដងនៅ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះរហូត ដល់៧៦ភាគរយកាលពីឆ្នាំមុននេះ។ ខណៈដែលបទប្បញ្ញត្តិគ្រប់គ្រងហានិភ័យ ឥណទាន និងការបង្កើនទុនបម្រុង ដែល ត្រូវបានដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗ នេះបានជួយកាត់បន្ថយកំណើនឥណទាន របស់ធនាគារមកនៅត្រឹម១៥ភាគរយគិត ត្រឹមចុងឆ្នាំមុននេះ ឥណទានសម្រាប់វិស័យ អចលទ្រព្យមានការកើនឡើងរឹតតែឆាប់ រហ័សទៅទៀត៕ ហេង នរិន្ទ្រ


ចែករំលែក៖