ព័ត៌មានទាន់ហេតុការណ៍៖

បើរថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវបុរសម្នាក់បើកម៉ូតូបុកបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់របួស្រាលខណៈបើកម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកាមរីរបស់ជនជាតិចិនបត់ត្រឡប់ក្រោយ បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ទន:តូតាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ និងរួមដំណើរជាមួយនារីជាជនជាតិខ្មែរម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពត2A-0487 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AO-9534 ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នានិងក្នុងលឿន បានជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតកំពឹតនិងបែកស្តុបខាងមុខចំហៀងខាងស្តាំ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកបររងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានឲ្យភាគីទាំង២និយាយសម្រួលគ្នា ដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន៩០ដុល្លារឲ្យទៅភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ជ្រោយពេជ្រ


ចែករំលែក៖