ប៉ោយប៉ែត៖ មនុស្សប្រុសស្រី៦នាក់ រួមទាំងជនជាតិថៃម្នាក់ផង រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីបុករះម៉ូតូ ដែលបញ្ច្រាសទិសគ្នាចំនួន៣គ្រឿង លើដងផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាមានជ័យ នៅវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា មុនកើតហេតុមានរថយន្ត ម៉ាក កាម៉ារី ពណ៌ស ស្លាកលេខ ភ្នំពេញ 2A-7501 បើកបរ(មិនស្គាល់អត្តសញ្ញាណ)ពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៥៩D ក្នុងល្ពឿនលឿន លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូរះចំនួន៣គ្រឿង ដែលបើកបរពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិស នៅផ្នែកខាងឆ្វេងនៃរថយន្ត ម៉ូតូ និងជនរងគ្រោះដែលគេសង្ស័យថា អ្នកបើកបររថយន្តងងុយដេក ក៏ជ្រុលចង្កូតបុករះម៉ូតូ និងជនរងគ្រោះតែម្ដង។ ក្រោយកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបន្តថា ចំពោះជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
ជនរងគ្រោះបើកបរម៉ូតូម៉ាក ឃ្លីក ពណ៌ស ខ្មៅ ស្លាកលេខ បាត់ដំបង 1U-5405 មានឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិសាស្ដា ឃុំសាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងរងរបួសធ្ងន់ និងរួមដំណើរពីរនាក់មានឈ្មោះ សារ៉ាយ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិក្ដោរ ឃុំអូរស្រឡៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)។ ឈ្មោះ សាវាម ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិថៃ រងរបួសធ្ងន់(ដាច់ជើង) ។ ជនរងគ្រោះបើកបរម៉ូតូ ម៉ាក់ Honda Dream 2010 ពណ៌ទឹកបិច(ខៀវចាស់) ស្លាកលេខ បន្ទាយមានជ័យ 1C-8542 មិនស្គាស់ឈ្មោះ បើកបរពីកើតទៅលិច និងអ្នករួមដំណើរម្នាក់ឈ្មោះ ជឿន ភេទស្រី អាយុ២៥ ឆ្នាំរស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(រងរបួសធ្ងន់) ។
ចំពោះជនរងគ្រោះបើកបរម៉ូតូម៉ាក់ Honda Dream ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1G-1895 សេរី ឆ្នាំ ២០១១ ឈ្មោះ ខឹត នូល ភេទស្រី អាយុ ៤៥ឆ្នាំរស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ(រងរបួសធ្ងន់)។
រីឯម៉ូតូជនរងគ្រោះរងការខូចខាតមាន ម៉ាកឃ្លីក១គ្រឿង ហុងដាឌ្រីមសេ១២៥ ចំនួន២គ្រឿង ពេលនេះសមត្ថកិច្ចកំពុងដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំទួលពង្រ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកដីថ្មីខ្លះនិងមួយចំនួនទៀតបញ្ជូនទៅមន្ទីរពេទ្យមិត្តកម្ពុជា ជប៉ុនមង្គលបូរីខេត្តបន្ទាយមានជ័យ ៕ វណ្ណា