ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតូចចិត្តប្រឡងពេទ្យធ្លាក់ មកលោតទឹកស្រះសម្លាប់ខ្លួន ឪពុកម្តាយទ្រហ៊ោយំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារស្រែកយំ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអ្នកចេះហែលទឹកមុជរកកូនស្រីជាច្រើនម៉ោង ទើបរាវរកឃើញ បន្ទាប់ពីការអះអាងថា តូចចិត្តប្រឡងចូលពេទ្យធ្លាក់ ទើបដាច់ចិត្តលោតទឹកសម្លាប់ខ្លួនបែបនេះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះវេលាម៉ោង៥រសៀលនៅត្រង់ចនុចស្រះទឹកស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា នារីដែលសង្ស័យដាច់ចិត្តគិតខ្លីមានឈ្មោះ សន ស្រីលាង អាយុ៣០ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។

ប្រភពបន្តថា នៅជាប់ស្រះទឹកកន្លែង សង្កាត់កើតហេតុខាងលើមានបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកធូដេ ស្បែកជើង១គូ មួក១ ផងដែរ ។

យោងតាមចម្លើយរបស់ឪពុកជនរងគ្រោះខាងលើបានឲ្យដឹងថា កូនស្រីមិនគួរណាគិតខ្លីបែបនេះសោះដោយគ្រាន់ប្រឡងពេទ្យធ្លាក់តូចចិត្តមិនញាំបាយ ខណៈគាត់ និងភរិយាបាននិយាយលួងលោមថា មិនអីទេ ធ្លាក់ក៏ធ្លាក់ចុះ ចាំឆ្នាំក្រោយប្រឡងទៀត ក៏មិនថ្វីដែរ ប៉ុន្តែទឹកមុខកូនស្រីស្រពប់ស្រពោន មិនហាស្ដីចេះតែសម្ងំក្នុងផ្ទះតែម្នាក់ឯង។

ប្រភពបន្តថា លុះនៅវេលាម៉ោង៥ល្ងាច ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារគាត់ ខណៈប្រទះឃើញម៉ូតូស្បែកជើង និងមួកជាប់មាត់ស្រះ ទើបស្រែកហៅអ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងជួលអ្នកចេះមុជទឹករាវរកអស់ជាច្រើនម៉ោង ស្រាប់តែនៅវេលាម៉ោង៩យប់ ថ្ងៃដដែល ក៏រាវរកឃើញធ្វើឲ្យគាត់ និងប្រពន្ធយំ និងទន់ដៃទន់ជើងនិយាយមិនចេញមិនគួរណាកូនស្រីគិតខ្លីបែបនេះសោះ។

ក្រោយមក សមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសាកសពភ្លាមៗឃើញថា មិនមានស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មអ្វីនោះទេ ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងសំឡេងស្រែកយំ និងក្ដុកក្ដួលជាទីបំផុត ៕ យឹម សុថាន


ចែករំលែក៖