ខេត្តស្វាយរៀង៖ មេឃស្រទុំ និងងងឹតលាយខ្យល់កន្ត្រាក់បង្កឲ្យមានភ្លៀង និងរន្ទះបាញ់លឹសូរក្ដាំងឡើងកក្រើកព្រះធរណីធ្វើឲ្យអ្នកភូមិរត់ចូលក្នុងផ្ទះទាំងភិតភ័យប្រលឹងចុងសក់មិនហ៊ានចេញមកក្រៅប្រមាណជាងមួយម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោពីសំណាក់ក្មេងៗ ប្រទះឃើញក្របីមេកូន២ក្បាលបានងាប់ភ្លាមៗ ធ្វើឲ្យម្ចាស់ក្របីសោកស្ដាយបំផុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង២០នាទីរសៀល ស្ថិតនៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យកាសែតនគរវត្តដឹងថា ចំពោះម្ចាស់សត្វក្របីមានឈ្មោះ រិន វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ចំពោះក្របីដែលងាប់ដោយរន្ទះបាញ់ញី១ក្បាល ព្រមទាំងកូនឈ្មោល១ក្បាលសរុបពីរក្បាល ចំណែកមនុស្ស មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជិវិត និងខូចខាតទ្រព្យសម្បត្តិអ្វីនោះទេ។
សមត្ថកិច្ចមូលដ្ឋាន ក៏បានសំណូមពរដល់អ្នកភូមិទាំងអស់ ពេលដែលមានខ្យល់ និងភ្លៀងរន្ទះសូមចូលទៅក្នុងផ្ទះឲ្យផុត និងមិនត្រូវចេញមកខាងក្រៅវាលស្រែក្បែរដើមឈើ និងកាន់វត្ថុជាតិដែកលោហៈ របស់របរអ្វីក៏ដោយ ព្រោះវាអាចឲ្យកើតឡើងជាយថហេតុផ្សេងៗ នឹកស្មានមិនដល់ផងដែរ ៕ យឹម សុថាន