ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយថៃ៖ រដ្ឋាភិបាលយោធានៅមុនការបោះឆ្នោត

ចែករំលែក៖

រដ្ឋាភិបាលយោធាថៃ បានកាន់ អំណាចជាង ៤ឆ្នាំកន្លងមក គឺជាពេលវេលា យ៉ាងយូរ បើប្រៀបធៀបនឹងរដ្ឋាភិបាល ស៊ីវិល បោះឆ្នោតដោយប្រជាពលរដ្ឋ ។ ការកាន់អំណាចយូរដោយសារតែ រដ្ឋា ភិបាលយោធាបានពន្យារពេល បោះឆ្នោត ជាបន្តបន្ទាប់។ ក្រុមអ្នកវិភាគបានលើកឡើងថាខុសពីប្រទេសដទៃ ថៃពិបាកនៅ ក្នុងការកំណត់ពេលវេលាបោះឆ្នោត។

«រដ្ឋាភិបាល ពន្យារពេល»

សារព័ត៌មាន Straitstimes របស់ សិង្ហបុរី បានផ្សាយនូវអត្ថបទវិភាគមួយ របស់ ប្រធាន ក្រុមស្រាវជ្រាវ ស្តីពីសន្តិសុខ និងអន្តរជាតិ មកពីមហាវិទ្យាល័យ ជូឡា ឡុងកន ប្រទេសថៃ លោក Thitinan Pongsudhirak បានបញ្ជាក់ថា រដ្ឋាភិបាល យោធាថៃ កំពុងព្យាយាម អូសបន្លាយ ពេលវេលា ក្នុងការដឹកនាំប្រទេស ។

ពេលថ្មីៗនេះរដ្ឋាភិបាលយោធាថៃ បានកំណត់ពេលវេលា សម្រាប់ការបោះ ឆ្នោតនៅខែ កុម្ភៈឆ្នាំ២០១៩ ប៉ុន្តែ បច្ចុប្បន្ន នៅមាន វិវាទ ក្នុងតុលាការធម្មនុញ្ញថៃ លើបញ្ហាបច្ចេកទេស ។និយាយដោយខ្លី តាមប្រសាសន៍លោក Thitinan ធាតុពិត នៃនយោបាយស្មុគស្មាញនៅថៃ បាន បង្ហាញយ៉ាងច្បាសថា មេទ័ព ប្រទេស នេះក្រោយឡើងកាន់អំណាច បន្ទាប់ពីការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤មកទល់ពេលនេះ មានបំណងអូសបន្លាយពេលវេលាកាន់អំណាច ឲ្យបានយូរជាងនេះ កាន់តែល្អ ។ ជាការណ៍ពិតណាស់ រដ្ឋាភិបាលរបស់ លោកប្រាយុទ្ធ ចាន់អូចា និងគណៈ កម្មការសន្តិភាព និងសណ្តាប់ធ្នាប់ថៃ កំពុងតែលេងល្បែង នយោបាយមុន ការបោះឆ្នោត ដើម្បីមានឧកាសនៅក្នុងការពន្យាពេលបោះឆ្នោត ។

អ្នកឯកទេស Thitinan Pongsudhirak បានបញ្ជាក់ថា ថៃនឹងមិនមានការបោះ ឆ្នោត ណាមួយនោះឡើយ នៅពេលដែល រដ្ឋាភិបាលយោធាមិនទាន់អាចធានាថា នឹងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ។ ចំណុចទាំងនោះហើយ បានជារដ្ឋាភិបាល ថៃ កំពុងតែ ធ្វើឲ្យគូប្រជែង របស់ខ្លួន កាន់តែ ចុះខ្សោយ ក្នុងការអូសទាញ ម្ចាស់ ឆ្នោតគាំទ្ររដ្ឋាភិបាលយោធា ។

សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញមាន ប្រយោជន៍ដល់ រដ្ឋាភិបាលយោធា

គណៈកម្មការកែទម្រង់រដ្ឋធម្មនុញ្ញថៃ ដែលជ្រើសរើសឡើង ដោយរដ្ឋាភិបាល យោធា ហើយបានសម្រេចចេញនូវរដ្ឋ ធម្មនុញ្ញ ដែល នាំមកនូវផលប្រយោជន៍ ដល់យោធា ក្នុងនោះ សមាជិក ព្រឹទ្ធសភា ២៥០ រូប នឹងត្រូវបានជ្រើរើសដោយ យោធា និងធានា កម្លាំងយោធា មាន សំឡេង ដល់ទៅ ១ភាគ៣នៅក្នុងរដ្ឋសភា ។ ជាមួយគ្នានោះរដ្ឋធម្មនុញ្ញថ្មី នឹងអនុញ្ញាត ឲ្យបុគ្គលដែលមិនមែនជាសមាជិក រដ្ឋ សភា ក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើ មិនអាច រកឃើញអ្នកដែលទទួលបានការគាំទ្រនៅក្នុងសភានោះ។

លោក Thitinan Pongsudhirak បញ្ជាក់ ទៀតថា ចំណុចទាំងនោះគឺជាគោលដៅ ដើម្បី បន្តរក្សាតំណែងនាយករដ្ឋមន្ត្រី ដល់លោក ប្រាយុទ្ធ ចានអូចា នៅក្នុងការ បោះឆ្នោតនាពេលខាងមុខ ។ លើសពី នេះទៅទៀត បណ្តាស្ថាប័នឯករាជ្យ ដូចជា គណៈកម្មការរៀបចំការបោះឆ្នោត គណៈ កម្មការប្រឆាំងអំពើពុករលួយ គឺជាបុគ្គលស្និទ្ធនិងរដ្ឋាភិបាលយោធា ហើយទទួល បញ្ជាពីរដ្ឋាភិបាល។

គណបក្សធំទាំងពីរនៅក្នុងប្រទេសថៃ គឺគណបក្សភឿថៃ របស់អតីត នាយក រដ្ឋមន្ត្រីថាក់ស៊ីន និងគណបក្សប្រជា ធិបតេយ្យ របស់អតីតនាយករដ្ឋមន្ត្រី អាប់ភីស៊ីត ពេលនេះបានចុះខ្សោយ យ៉ាងខ្លាំង ។ គណបក្សភឿថៃ ត្រូវបាន រំសាយពីរលើក ហើយពេលនេះកំពុងតែ ជួបនូវឧបសគ្គតាមផ្លូវច្បាប់ អាចធ្វើឲ្យ គណបក្សមួយនេះត្រូវរំលាយសាជាថ្មី ។

ក្នុងពេលជាមួយគ្នានេះ គណបក្សប្រជា ធិបតេយ្យ មានវិវាទផ្ទៃក្នុង រវាងមេដឹកនាំ គណបក្ស លោកអាប់ភីស៊ីត វេចាជីវ៉ា និង អគ្គលេខាបក្ស លោក ស៊ូថេប ថឿកស៊ូបាន មេដឹកនាំបាតុករ តាមផ្លូវថ្នល់ កាលពីឆ្នាំ ២០១៣-២០១៤ ឈានដល់ការធ្វើរដ្ឋ ប្រហារទម្លាក់ នាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់។ លោកស៊ូថេប ត្រូវបានគេ ដឹងថា ជាបុគ្គលស្មោះត្រង់ជាមួយ នាយក រដ្ឋមន្ត្រីប្រាយុទ្ធចានអូចា។

ពលរដ្ឋថៃ កាន់តែខកចិត្តលើរដ្ឋាភិ បាលយោធា

ដើម្បីទទួលបានការគាំទ្រ ពីពលរដ្ឋ រដ្ឋាភិបាល យោធា កាលពីដើមឆ្នាំ២០១៨ បានសម្រេច ចំណាយកញ្ចប់ថវិកា ១៥០ ពាន់លានបាត ដើម្បីកែទម្រង់ វិស័យ កសិកម្ម ។ ប៉ុន្តែ សាធារណមតិកាន់តែ ខកចិត្ត ដោយសារតែអំពើពុករលួយ កាន់តែកើនឡើងនៅក្នុងជួររដ្ឋាភិបាល។ ពិសេស គឺគ្មានតម្លាភាព នៅក្នុងការស្រាវជ្រាវ ក្នុងនោះមិនអាចបកស្រាយ បានពីប្រភព នៃនាឡិកាតម្លៃថ្លៃដែល រដ្ឋមន្ត្រីការពារ ជាតិ Prawit Wongsuwan កំពុងតែពាក់។

នៅក្នុងស្ថានភាពបែបនេះ តែរដ្ឋាភិ បាល នៅតែបន្តហាមប្រាម ប្រមូលផ្តុំគ្នា នៅទីសាធារណ ដើម្បីតវ៉ា ។ ការប្រមូលផ្តុំ ជជែកគ្នា លើសពី៥នាក់គឺជាការខុសច្បាប់ អាចនឹងត្រូវចាប់ខ្លួន ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា នៅតែ កាន់អំណាច ពេញដៃ តាមមាត្រាទី៤៤នៃ រដ្ឋធម្មនុញ្ញបណ្តោះអាសន្ន ។

ជាមួយគ្នានេះ រដ្ឋាភិបាលយោធាថៃនៅតែបន្តសកម្មភាព កៀរគរ អ្នកនយោ បាយសំខាន់ៗនៅក្នុងបក្សដទៃទៀត ក៏ ដូចជាអ្នកគាំទ្រ ។ ប៉ុន្មានខែកន្លងមកនាយក រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទៅជួប អ្នកនយោបាយ និង ពលរដ្ឋនៅក្នុងខេត្ត Sukhothai , Chonburi , Supanburi, Nakorn Pathom ជាដើម។ នៅទីនោះ លោកប្រយុទ្ធចាន់អូចា បានលើកឡើងថា លោកអាចនឹងបន្តអង្គុយ នៅលើកៅអី នាយករដ្ឋមន្ត្រីជាបន្តទៀត ដើម្បីស្ថិរភាព នយោបាយនៅក្នុងប្រទេស។

តាមការលើកឡើងរបស់អ្នកវិភាគ Thitinan Pongsudhirak បានបញ្ជាក់ថា រដ្ឋាភិបាល យោធាថៃ នឹងសហការ ជ្រើស រើស អ្នកនយោបាយឆ្នើមៗទាំងគណបក្ស ភឿថៃ និងគណបក្សប្រជាធិបតេយ្យមក ចូល​រួម ។ តាមគម្រោងរដ្ឋាភិបាលយោធានឹងបង្កើតគណបក្សថ្មី ដើម្បីគាំទ្រ ដល់នាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូចា នឹងសម្រេច ជ្រើសរើសយក លោកប្រយុទ្ធចាន់អូចា ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល៕ ម៉ែវ សាធី

 


ចែករំលែក៖