ព័ត៌មានទាន់ហេតុការណ៍៖

ល្បិចថ្មីរបស់ក្រុមជនដើរបោកប្រាស់ ប៉ុន្តែជនសង្ស័យម្នាក់រត់មិនទាន់ ត្រូវជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងអង្គុយចាំមេនាំទៅធ្វើការ ស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងទៅដល់បានសួរនាំរួចបបួលទៅធ្វើការជាមួយតែបែរជាល្បួងនាំទៅលេងល្បែងរហូតអស់លុយពីខ្លួនហើយបង្ខំឲ្យយកម៉ូតូទៅបញ្ចាំខណៈបានលុយហើយជនសង្ស័យម្នាក់បានយកលុយគេចខ្លួនបាត់ នៅសល់ម្នាក់ទៀតប្រុងរត់គេចខ្លួនដែរតែរត់មិនរួច ក៏ត្រូវបានជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតែម្ដង។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅកន្លងែងបុកប៊ីយ៉ា ស្ថិតនៅក្នុងផ្សារវិនមីង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ថា វន្នី ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរកម្មកររោងចក្រ មានស្រុក កំណើត នៅក្នុងភូមិជម្ពូ ឃុំចក ស្រុកអូរាំងអូវ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យត្រូវបានស្គាល់ម្នាក់ឈ្មោះសុខ សាអ៊ែល​ ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិព្រែកអុង ឃុំស្វាយយារ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ដោយនាំយកលុយដែលជនរងគ្រោះបញ្ចាំម៉ូតូបានចំនួន៦៦០ដុល្លារទៅជាមួយផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយចាំមេមកយកទៅធ្វើការ លុះបន្តិចក្រោយមក ស្រាប់តែលេចមុខជនសង្ស័យ២នាក់ទៅដល់ ។ ពេលនោះបានសួរនាំ និងទំនាក់ទំនងគ្នា ដោយជនសង្ស័យបានប្រើល្បិចបបួលជនរងគ្រោះទៅធ្វើការជាមួយ ដោយប្រាប់ថាបានប្រាក់ឈ្នួលក្នុង១ថ្ងៃ៥ម៉ឺនរៀល ។ បន្ទាប់ពីឮបែបនេះ ជនរងគ្រោះអរណាស់ ព្រោះការងារមានប្រាក់ខែច្រើនបែបនេះ ហើយក៏បានយល់ព្រមទៅជាមួយជនសង្ស័យ ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះជនសង្ស័យបាននាំជនរងគ្រោះទៅអង្គុយផឹកកាហ្វេនៅកន្លែងបុកវ៊ីយ៉ាខាងលើ ។ បន្ទាប់មកបានល្បួងឲ្យលេងល្បែងដោយមុនដំបូងដាក់១ដៃត្រឹម១ពាន់រៀលប៉ុណ្ណោះ លុះយូរៗទៅ១ម៉ឺនរៀល ហើយជនរងគ្រោះបានលេងឈ្នះរហូត ។ លុះបន្ទាប់មកទៀត បានឡើងដល់១០០ដុល្លារក្នុង១ដៃ ទើបរូបគេចាញ់រហូតអស់ចំនួ៧០០ដុល្លារ អស់ចិញ្ចៀន១វង់ និងទូរស័ព្ទដៃ១គ្រឿង ពេលនោះជនសង្ស័យបាននាំរូបគេយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ១គ្រឿង ទៅបញ្ចាំម្ដុំសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក បានលុយ៦៦០ដុល្លារ។ បន្ទាប់មកជនសង្ស័យម្នាក់បានយកលុយនោះគេចខ្លួនបាត់ នៅសល់ម្នាក់ទៀតបម្រុងរត់គេចខ្លួនដែរ តែត្រូវជនរងគ្រោះភ្ញាក់ខ្លួនទាន់ ចាប់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖