ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសយ៉ាងដំណំផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃចំពីចម្ហៀងពេញទំហឹង។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៦ និង៤០នាទី ព្រលប់ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចវត្តពរពេជ្រ ស្ថិតក្នុងភូមិក្របៅជុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ឈ្មោះ ខ្វាន់ រក្សា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កពេញទំហឹង ចំពីចម្ហៀងខណៈដែលគោយន្តកន្រ្តៃបើកចេញពីផ្លូវលំឡើងមកលើថ្នល់ជាតិ បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសអ្នកបើកបរគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កឈ្មោះ រីក ញេ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ រងរបួសស្រាលផងដែរ។

ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ចំណែកជនរងរបួសបានបញ្ជូនទៅសង្រ្គោះ ដោយឡែក៖ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែធ្វើបុណ្យតាមប្រណី៕ ប៉ឹម ពិន


ចែករំលែក៖