បនល្បែងស៊ីសងដ៏ធំមួយបាននិងកំពុងបើកដំណើរការដោយរលូននៅក្នុងទីតាំងផ្ទះសំណាក់ និងខារ៉ាអូខេពន្លឺនាគទិព្វ២ ស្ថិតនៅតាមបណ្តោយផ្លូវស្តង់តាងួន ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះ មានសុទ្ធតែអស់លោកជាសមត្ថកិច្ច មន្ត្រីរាជការ អ្នករកស៊ី ជិះឡានទំនើបៗមកពពាក់ពពូនគ្នាលេងជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធបង្ក្រាបទីតាំងបនល្បែងខុសច្បាប់នេះ សូម្បីបន្តិច ។ ករណីនេះ ត្រូវបានគេសង្ស័យថា អាចនឹងពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ចអាជ្ញាធរ ទើបម្ចាស់ទីតាំងខាងលើដំណើរការមកទល់បច្ចុប្បន្នយ៉ាងសុខស្រួលបំផុត ។
បនល្បែងទាំងនោះត្រូវបានគេរាយការណ៍មកថា មានបៀ អាប៉ោង (កងយឺត តូផែ) លេងចាញ់ឈ្នះក្នុងមួយថ្ងៃៗរាប់សិបម៉ឺនសែនដុល្លារ ។ ដោយឡែក ម្ចាស់ទីតាំងដែលអ្នកក្រុងប៉ោយប៉ែតនិយាយហៅថា ហ៊ា ម៉េង បានតុង ជាលុយយ៉ាងច្រើនក្នុងមួយថ្ងៃៗ និងមានលទ្ធភាពចាត់ចែងបន្តទៅកាន់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ប្រយោជន៍រួចផុតពីការបង្ក្រាប ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅក្បែរនោះបានខ្សឹបខ្សៀវគ្នាថា បើទោះជាទីតាំងបនល្បែងនេះស្ថិតនៅក្នុងផ្ទះសំណាក់ និងក្លិបខារ៉ាអូខេ ក៏ដូចជាសុទ្ធតែអ្នកមាន សមត្ថកិច្ច មន្ត្រីរាជការ មានមុខមាត់ទៅលេង និងមានប្រាក់សម្បូរបែបក៏ដោយ ប៉ុន្តែបនល្បែង គឺជាប្រភពផ្តើមឲ្យមានបទល្មើសក្នុងសង្គម សម្រាប់ជាក្តីបារម្ភរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើបញ្ហាសន្តិសុខនេះជាដើម ។ មិនតែប៉ុណ្ណោះ ប្រសិនបើសមត្ថកិច្ចអាជ្ញាធរមិនមានវិធានការបង្ក្រាបទេនោះ អាចជាទង្វើបំពានទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពីព្រោះថា ទីតាំងបនល្បែងមួយនេះ គឺមានមនុស្សចេញ ចូលយ៉ាងច្រើនដ៏ប្រសេកប្រសាច តាមរយៈបន្លំក្នុងរូបភាពជាភ្ញៀវចូលដេកផ្ទះសំណាក់ ចូលក្លិបខារ៉ាអូខេ ប៉ុន្តែធាតុពិត ជាការប្រមូលផ្តុំក្រុមអ្នកញៀនល្បែងមានគ្រប់សមាសភាព មានទាំងអ្នករកស៊ី ជនស៊ីវិល សមត្ថកិច្ច មន្ត្រីរាជការ ក្នុងនោះសូម្បីតែរថយន្តរបស់ពួកគេដែលបើកមកលេងល្បែងមានទាំងស្លាក ខ.ម ស្លាកន.ប. រថយន្តស៊ឺរ៉ែនជាដើម ។ ដូច្នេះប្រជាពលរដ្ឋមានជំនឿថា លោកអភិបាលក្រុងប៉ោយប៉ែតទើបនឹងឡើងថ្មី និងកំពុងមានប្រជាប្រិយភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញលូ សួនច្បារ ក៏ដូចជាយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នឹងបង្ក្រាបទីតាំងនេះដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាលុបបំបាត់នូវបទល្មើសដែលកើតមានឡើង ដូចជាអំពើឆក់ ប្លន់ សម្លាប់នេះជាដើម ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋរបស់ខ្លួន ៕