ព័ត៌មានទាន់ហេតុការណ៍៖

ពៅ លីដា លេងឈុតសម័យបារាំងក្នុងរឿង សម្ពាយបុណ្យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី ពៅ លីដា បានបង្ហាញមុខជាមួយនឹងឈុតសម្លៀកបំពាក់សម័យអាណានិគមនិយមបារាំង ក្រោយពីនាងទទួលបានតំណែងក្នុងភាពយន្តភាគថ្មីមួយគឺរឿង”សម្ពាយបុណ្យ” ដែលសម្តែងរួមគ្នាជាមួយនឹងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើន ។

ទីផ្សារសម្តែងភាពយន្តរបស់កញ្ញា ពៅ លីដាហាក់ហក់ឡើងខ្លាំងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ។ ពៅ លីដាបានលើកឡើងថាភាពយន្តភាគថ្មីដែលនាងទទួលបានដំណែងតួឯករួមជាមួយលោក ឌីម ឧត្តមនោះគឺរឿង”សម្ពាយបុណ្យ” ដោយសម្តែងជាតួ ឈ្មោះនាងកែវ ។ តារាល្បីឈ្មោះរូបនេះបន្តថាភាពយន្តនេះមានតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមសម្តែង ហើយទិដ្ឋភាពនៃភាពយន្តគឺឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមខ្មែរនាងសម័យអាណានិគមនិយមបារាំង ដែលកាន់តែរំលេចភាពយន្តនេះឲ្យកាន់តែចាប់ចិត្តដិតអារម្មណ៍ ។ នាងថានេះមិនមែនលើកដំបូងទេដែលនាងសម្តែងជាតួបែបកម្សត់ ទួញយំនោះ ទើបវាមិនមែនជាឧបសគ្គសម្រាប់នាងទេ ដែលពេលខ្លះចូលតួខ្លាំងរហូតដល់ថ្នាក់ហើមភ្នែកទៀតផង ។ នាងថាប៉ះឈុតកម្សត់ខ្លាំងព្រោះតែសាច់រឿងនាងត្រូវបានគេធ្វើបាបចាប់តាំងពីដើមរឿងរហូតដល់បញ្ចប់រឿង ។ នាងលើកឡើងដែរថា មិនដែលរាថយនឹងការសម្តែងគ្រប់ទម្រង់តួ ហើយនាងក៏ពេញចិត្តនឹងការសម្តែងទាំងបែបកាច និងកម្សត់ ។ ជាមួយគ្នានេះនាងពេញចិត្តខ្លាំងនឹងការសម្តែងភាពយន្ដដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនាសម័យអាណានិគមនិយមបារាំងនេះ ។

សន្ទុះការងារសម្តែងឆ្នាំនេះវិញ នាងលើកឡើងថា គឺនាងទទួលបានច្រើនមិនចាញ់ឆ្នាំមុនទេ ប៉ុន្តែនាងពិតជាសោកស្តាយព្រោះតែមិនមានពេលទទួលយកភាពយន្តថ្មីមួយចំនួនដែលទាក់ទងមក ព្រោះតែពេលវេលាការសម្តែងជាន់គ្នា ។ នាងរំពឹងដែរថាទស្សនិកជននឹងនៅតែបន្តគាំទ្រស្នាដៃភាពយន្តដែលនាងសម្តែង មិនថាតែភាពយន្តដែលនាងសម្តែងជាតួអង្គប្រភេទណានោះទេ ហើយភាពយន្តភាគថ្មីនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖