ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ពិសាអាហារសាមគ្គីជាមួយពលរដ្ឋ អនិកជនខ្មែរម៉ាឡេស៊ី២៣៥នាក់ ដើម្បីបង្កើនមិត្ដភាពជាតិសាសន៍តែមួយ

ចែករំលែក៖

ម៉ាឡេសុី៖ បងប្អូនអនិកជនខ្មែរម៉ាឡេស៊ី២៣៥នាក់ ផ្ដល់ភាពកក់ក្ដៅពីលោកអូស្មាន ហាស្សាន់ ក្នុងនាមបងប្អូនជាតិសាសន៍តែមួយតាមរយៈពិសាអាហារសាមគ្គី នៅរដ្ឋ Melaka ប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមពីលោកDatukTan Sri Hj Mohd Ali Mohd Rustam សមាជិកសភាម៉ាឡេស៊ី និងជាប្រធានពិភពម៉ាឡាយូពិភពឥស្លាមម៉ាឡេសុី(DMDI) រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ ម៉ាឡេស៊ីជាច្រើនរូបទៀត ។ អាហារសាមគ្គីនេះធ្វើឡើង នៅភោជនីយដ្ឋាន Klasik Malaka រាត្រីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ គណៈប្រតិភូកម្ពុជា មកចូលរួមពិសាអាហារ សាមគ្គី ជាមួយបងប្អូនពលរដ្ឋអនិកជនខ្មែរ នៅទីគឺ គោលបំណងដើម្បីចុះសួរសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅក្នុងនាមជាតិសាសន៍តែមួយ និងក្នុងនាមបងប្អូនតែមួយ ក៏ពិតមែនតែបងប្អូនរស់នៅឆ្ងាយពីមាតុភូមិ ក៏ពិតមែន តែបងប្អូន ក៏ពូជសាសន៍ជាខ្មែរដែរ ។

តាមការបញ្ជាក់ ឲ្យដឹងពីលោក Shamsuddin តំណាងអនិកជនខ្មែរ នៅរដ្ឋនេះថា៖ នៅរដ្ឋ Malaka គឺជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនទៀត ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេ ដែលពួកគាត់មកតាំងទីលំនៅ តាំងពីទស្សវត្ស ៧០ និង ៨០ ដែលជាសម័យកាលសង្គ្រាមនៅកម្ពុជា មកម្លេះ ហើយភាគច្រើន ក៏បានទទួលសិទ្ធិជាសញ្ជាតិម៉ាឡស៊ី ដែលស្របច្បាប់ ក្រោយមកទៀតជាបន្តបន្ទាប់ ក៏មានបងប្អូនខ្មែរ ដែលមកបម្រើការងារនៅទៅនេះ កាន់តែច្រើនឡើងផងដែរ ប៉ុន្តែពួកគាត់រួមរស់ប្រកបដោយភាពកក់ក្តៅ និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលម៉ាឡេស៊ី ។

លោកស្រីរត្ន ម៉ានី ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ក៏បានកោតសរសើរពីការរក្សាបាននូវសុជីវធម៌របស់បងប្អូនអនិកជនខ្មែរ ជាពលរដ្ឋល្អរបស់កម្ពុជា ដែលបានសម្របខ្លួន ដាក់ខ្លួន រួមរស់នៅក្រោមដំបូលរដ្ឋមួយនេះ ពុំដែលបង្កបញ្ហា រឺនាំទុក្ខកង្វល់ដល់ប្រជាជន និង ថ្នាក់ដឹកនាំរវស់រដ្ឋមួយនេះទេ ហើយ ក៏ពុំដែលបង្កបញ្ហានាំកង្វល់ដល់ស្ដានទូតរបស់ខ្លួន ផ្ទុយទៅវិញបងប្អូន រស់នៅប្រកបអាជីបជាអ្នកជំនួញ អាជីវករ និង ខ្លះជាកម្មករ បងប្អូនពិតជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និង រក្សាបាននូវស្ថេរភាព សន្តិសុខ បានល្អប្រសើរ ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាម លោកតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាថ្នាក់ដឹកនាំខ្មែរឥស្លាម លោកសូមថ្លែងអំណរគុណដល់ម្ចាស់ផ្ទះនៃរដ្ឋ Malaka ក៏ដូចជារដ្ឋាភិបាល ម៉ាឡេស៊ី ដែលជានិច្ចកាលបាននិងកំពុងយកចិត្តទុកដាក់ បីបាច់ថែរក្សាដល់បងប្អូនអនិកជនខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរដែលមករស់នៅ ធ្វើការនៅលើទឹកដីនេះ មិនត្រឹមតែប៉ុណ្ណោះ ម៉ាឡេស៊ី ជាដៃគូរទំនាក់ទំនងការទូតមួយយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជា ហើយ ក៏ជាភាគីផ្តល់ជំនួយដល់សហគមន៍ខ្មែរឥស្លាមលំដាប់លេខ១ បើប្រៀបធៀបនឹងបណ្តាដៃគូរម្ចាស់ជំនួយប្រទេសផ្សេងៗ ។

ក្រោមការយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនពីសំណាក់ សម្តេចអគ្គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទោះនៅក្នុងស្រុក រឺក្រៅស្រុក លោក អូស្មាន ហាស្សាន់ ក៏បានប្រាប់ដល់អនិកជនខ្មែរ មួយចំនួននៅរដ្ឋនេះ ដែលមករស់ នៅជាង៣០ឆ្នាំមកហើយ តែនៅពុំទាន់ទទួលបានសញ្ជាតិពេញលេញ គ្រប់លក្ខណៈ និយាយរួមអ្នកដែលនៅកាន់អត្តសញ្ញណបណ្ណសញ្ជាតិម៉ាឡេស៊ី ពណ៌ក្រហម លោកបាននិងកំពុងទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធរបស់ម៉ាឡេស៊ី ដើម្បីសម្រួលឲ្យបងប្អូនឆាប់មក ទទួលបានសញ្ជាតិម៉ាឡេស៊ីពេញលក្ខណៈ ជាពិសេសការទទួលបានសិទ្ធិ ទិញ លក់ និង ភាពជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ការប្រើប្រាស់លិខិតឆ្លងដែនម៉ាឡេស៊ី និង អត្ថប្រយោជន៍ផ្សេងៗទៀត ដូចពលរដ្ឋម៉ាឡេស៊ី និយាយរួម គឺដូចជាអ្នកដែលប្រើប្រាស់អត្តសញ្ញាណបណ្ណពណ៌ខៀវ អញ្ចឹងដែរ ៕ ដោយ៖ សំរិត

 


ចែករំលែក៖