ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់រថយន្តបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីបុរសរូបនេះបើករថយន្ដសេរីទំនើបក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវមហាវិថីមៅសេទុង កែងនឹងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកកាមរីហាយព្រីធ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2835 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាបើកក្នុងល្បឿនយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីមៅសេទុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្ដរងរបួសធ្ងន់ និងរថយន្ដខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករបាងថ្មពុះចែកទ្រូងផ្លូវខូចខាតចំនួនបីកង់ ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្ដសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ