ខេត្តស្ទឹងត្រែងៈ បុរសម្នាក់ ព្រោះតែកំហឹងតិចតូចសោះ ដោយសាលេងបាល់ ទប់កំហឹង មិនបានហ៊ានយកដែកឆាប មកចាក់លើមិត្តភក្តិខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូញទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅនៅចំណុចទីលានបាល់ទះ ស្ថិតក្នុងភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ។
នៅថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ កម្លាំងស្នងការដ្ឋាន នគបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំង ជំនាញព្រហ្មទណ្ឌ នគបាលស្រុកថាឡាបរីវ៉ាត់ នាំខ្លួនជនបង្កឈ្មោះ ទៀត ហ៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាត អាល់វី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែឥស្លាមដូចគ្នា មុខរបរធ្វើស្រែចំការ មានទីលំនៅកន្លែងកើតហេតុតែមួយ ។
លោកហម ណាវី អធិការរងស្រុក ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឈ្មោះ ទៀត ហ៊ីម បានខឹងនឹងអាជ្ញាកណ្តាល ផ្លុំកញ្ចែផាក ព្រោះបាល់ទះ បែរជាយកជើងមកទាត់ទៅវិញ ពេលនោះជនបង្កបានខឹងក៏ទៅហៅបក្ខពួកខ្លួន ពីទៅបីនាក់ថែមទាំងយកដែកឆាប មកដេញចាក់គ្នា បង្កជំលោះ រហូតធ្វើឲ្យជនរងគ្រោះ រងរបួសចំនួន៤កន្លែង បណ្ដាលឲ្យរងរបួសជាទម្ងន់បានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ក្រោយពេលកើតហេតុ ត្រូវបានកម្លាំងជំនាញរបស់លោក ចុះមកសួរនាំសម្របសម្រួលតែមិនបានឃុំខ្លួននោះទេ ក្រោយមកជនរងគ្រោះមិនសុខចិត្ត ដោយសាររបួសធ្ងន់ បានមកប្តឹងបន្តនៅស្នងការ ។
លោកបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ទើបលោកស្នងការបានបញ្ជា ឲ្យរៀបចំសំណុំរឿងឡើងវិញ ដោយមានកម្លាំងជំនាញស្នងការ សហការជាមួយកម្លាំងរបស់ស្រុក នាំខ្លួនជនដៃដល់មកស្នងការនគរបាលខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត ។
លោកឧត្តមសេនីយ៍ត្រីហម ប៊ុនថែល ស្នងការរងនគបាលខេត្ត ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានឲ្យដឹង នៅរសៀលថ្ងៃទី២៤ ខែមេសាថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បក្ខពួកជនបង្កជាច្រើន មកតវ៉ាសុំឲ្យស្នងការខេត្ត ក្រោយពេលដឹងថា ជនបង្កត្រូវបានឃុំខ្លួន មកសុំឲ្យដោះលែងជនបង្កវិញ ព្រោះតែជនដៃដល់ខឹងមួយឆាវមួយពេល តែគ្មានចេតនាទេ ព្រោះពួកគាត់យល់ថា ជារឿងតូចតាចទៅវិញ តែគ្មានប្រយោជន៍នោះទេ នេះជាទោសព្រហ្មទណ្ឌបង្កដោយចេតនា ។
បច្ចប្បន្នជនសង្ស័យ ត្រូវបានស្នងការបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បី ចោទប្រកាន់ឃុំខ្លួននៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ៕ មាស សុផាត