ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បីបុកគូថរថយន្ដចតលើចិញ្ចើមផ្លូវបណ្ដាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្ស២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូកង់បុកគូថរថយន្ដពីក្រោយដែលចតជួសជុលលើចិញ្ចើមផ្លូវពេញមួយទំហឹង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម សារ៉ន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរ ក៏ ខេត្តព្រៃវែង (របួសជើងនិងដងខ្លួន) ជាអ្នកបើកបរម៉ូតូកង់បី ពាក់ស្លាកលេខព្រៃវែង1B-5904 ពណ៌សក្រហម រួមដំណើរជាមួយឈ្មោះ សំ ស្រីនាង ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ខេត្តតាកែវ ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2M-1092 (ដឹកសំបកអេតចាយ) បើកបរដោយឈ្មោះ ផន សំថុល ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់អេតចាយ មានទីលំនៅភូមិលេខ៣ ឃុំព្រែកខ្សាយខស្រុកពាមពរក៏ ខេត្តព្រៃវែង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកហ៊ីយ៉ានដាយបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបែកកង់ ភ្លាមនោះនោះអ្នកបើកបររថយន្ដ ក៏បានចតរថយន្ដរបស់ខ្លួនអែបលើចិញ្ចើមផ្លូវដើម្បីធ្វើការជួសជុល ដោយដាក់ស្លាកសញ្ញាខាងក្រោយរថយន្ដចំងាយប្រមាណ១០ម៉ែត្រ និងបើកភ្លើងស៊ីញ៉ូជាសម្គាល់ផងដែរ ខណៈនោះស្រាប់មានម៉ូតូកង់បីមួយគ្រឿងបើកបរដោយជនរងគ្រោះខាង បានបុកស្លាកសញ្ញាសម្គាល់របស់រថយន្ដនិងបន្ដទៅបុកគូថរថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរម៉ូតូកង់បីទទួលរងបួសយ៉ាងដំណំតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេត្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖