ព័ត៌មានទាន់ហេតុការណ៍៖

កសិករម្នាក់ត្រូវរន្ទះបាញ់ឆក់យកជីវិតបណ្តាលឲ្យស្លាប់កណ្តាលវាស្រែភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ធំៈ កសិករម្នាក់ ត្រូវរន្ទះបាញ់ឆក់យកជីវិតបណ្តាលឲ្យស្លាប់កណ្តាលវាស្រែភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈ ពេលដែលកំពុងព្រោះស្រូវ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលា ម៉ោង១៦និង៣០នាទី ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចត្រពាំងញ៉ុង ខាងជើងភូមិ ឃុំឫស្សី ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរន្ទះ មានភ្លៀងផ្គរ មួយមេយ៉ាងខ្លាំង បណ្តាលឲ្យរន្ទះបាញ់់បីគ្រាប់ គ្រាប់ទី៣ ទើបត្រូវជនរងគ្រោះតែម្តង ជនរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ ញ៉ែម គីម ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ ចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក កែវ សាលី នាយរងប៉ុស្តិ៍រដ្ឋបាល ឃុំចុងដូង បានឲ្យដឹងថា ក្រោយពីកើតហេតុ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា មានករណីរន្ទះបាញ់់បណ្តាលឲ្យមានមនុស្សស្លាប់ លោកបានដឹកនាំកម្លាំងចុះ ទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ ព្រមទាំងធ្វើកុសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារគ្រាប់រន្ទះពិតប្រាកដមែន ហើយ ក៏បានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោក កែវ សាលី បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែជារដូវក្តៅ អាចមានភ្លៀងផ្គររន្ទះ នៅពេលមានភ្លៀងឲ្យរកទីសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖