ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃញីឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាប់ករណីប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលលេខ០៦ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃញីថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុី សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅចំណុចស្ថិតក្នុងភូមិ សង្កត់កើតហេតុខាងលើ។
របាយការណ៍បន្តថា ក្នុងនោះក៍បានដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់តូច ថង់សម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុផ្សេងៗមួយចំនួន និងទូរស័ព្ទដៃចំនួន ០៥គ្រឿងផងដែរ។
របាយការណ៍ដដែលបន្តទៀតថា បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារបាននាំយកទៅបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃញីដើម្បីបំពេញសំណុំឯកសារផ្សេងៗ ហើយបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តរួចរាល់ហើយនោះដែរ៕ ប៉ឹម ពិន