ភ្នំពេញ៖ ខណៈដែលតុលាការក្រុងភ្នំពេញ គ្រោងនឹងប្រកាសសាលក្រម សំណុំរឿង ចំនួន ០២ដាច់ដោយឡែកពីគ្នា ដោយមានជនជាប់ចោទម្នាក់ឈ្មោះ ស៊ុន សៀង មានតួនាទី ជាមន្ត្រីកងអង្គរក្ស និងម្នាក់ទៀតឈ្មោះ ហេង សាន ជាអតីតសមាជិកក្រុមប្រឹក្សាឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត (ត្រូវបានប្រកាសដកដំណែងនៅក្រោយពេលតុលាការចាប់ខ្លួន) នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនោះ ក្រុមពលរដ្ឋ អាជ្ញាធរមូលដ្ឋាន នៅខេត្តកំពត និងដើមបណ្ដឹងផង បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះ តុលាការថានឹងអាចផ្តល់យុត្តិធម៌ឲ្យពួកគាត់ជាជនរងគ្រោះបាន ពោលគឺនឹងផ្តន្ទាទោស ជនជាប់ចោទ ទាំង០២នាក់ខាងលើឲ្យសាកសមនឹងទង្វើដែលពួកគេបាន ក្លែងស្នាមមេដៃ ពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរដែនដី ដើម្បីរៀបចំឯកសារទិញលក់ដីក្លែងក្លាយ ដើរបោកប្រាស់ គេយកប្រាក់។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨កន្លងទៅ លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក ចែ សុង ជាតំណាងអយ្យការសវនាការ បានបើកសវនាការ ជំនុំជម្រះទោស ជនជាប់ចោទ ទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចំនួន ០២សំណុំរឿង៖
-សំណុំរឿងទី១៖ ពីបទ ឆបោក ប្រាក់ថ្លៃកក់ដី ចំនួន ៥ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦ខែ ទៅ៣ឆ្នាំ។
-និងសំណុំរឿងទី២ មានចំនួន ០៣ បទចោទប្រកាន់ ៖ ទី១ពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត យោងតាមមាត្រា មាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ, ទី២ពីបទ ប្រើប្រាស់លិខិតក្លែង យោងតាមមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងទី៣ពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦ខែ ទៅ៣ឆ្នាំ។
នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទទាំង ០២នាក់ បានបដិសេធ ថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ដោយពួកគេទាំងពីរនាក់ បាននាំគ្នាឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ ឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់ជំនួសពួកគេ ដែលជាមនុស្សរស់។
បើទោះជាក្រុមជនជាប់ចោទបានបដិសេធ និងច្រានឲ្យខ្មោចមកទទួលខុសត្រូវជំនួសយ៉ាងណាក្តី ក៏នៅក្នុងសវនាការ គេមិនឃើញមានសាក្សី ឬភស្តុតាង ដោះបន្ទុក ដែលក្រុមជនជាប់ចោទ អាចយកមកបង្ហាញតុលាការ និងសាធារណជនឲ្យ ជឿជាក់លើការអះអាងរបស់ពួកគេ ថាជាការពិតនោះទេ។
បើយោងតាម កំណត់ហេតុធ្វើកោសលវិច្ច័យ របស់សមត្ថកិច្ចជំនាញ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូន តុលាការយ៉ាងច្បាស់ថា ឯកសារ ទិញលក់ដីនៅខេត្តកំពត ដែលជនជាប់ចោទឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន យកទៅប្រើប្រាស់ ដើម្បីឆបោក ជនរងគ្រោះនោះ គឺពិតជាបានក្លែងបន្លំស្នាមមេដៃពលរដ្ឋជាម្ចាស់ដី ហត្ថលេខា និងត្រាអាជ្ញាធរមូលដ្ឋាន ប្រាកដមែន។
ដោយឡែក ក្រុមមេធាវីការពារសិទ្ធិ ឲ្យជនជាប់ចោទទាំងពីរនាក់ គឺលោក នូ ចន្ថា និងលោក ថា សុភ័ក្រ ដែលទើបតែត្រូវបានសាច់ញាតិជនជាប់ចោទប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរឿង ស៊ីដាច់លុយរត់ការដោះលែង ២៥០០០ដុល្លារនោះ បានថ្លែងការពារថា កូនក្តីពួកលោក ជាមនុស្សល្អត្រឹមត្រូវមិនបាន ក្លែងបន្លំ ស្នាមមេដៃ ហត្ថលេខា និងត្រាអាជ្ញាធរ ដើម្បីបង្កើតលិខិតទិញលក់ដីក្លែងក្លាយយកទៅបោកប្រាស់ ជនរងគ្រោះ ដូចតុលាការចោទប្រកាន់នោះទេ។
ក្រុមមេធាវីការពារជនជាប់ចោទបានបន្ថែមថា កូនក្តីលោក មានដីប្រគល់ជូនជនរងគ្រោះគ្រប់ចំនួន តាមការព្រមព្រៀងគ្នា អត់មានបោកទេ។
ចំណែកក្រុមមេធាវីការពារសិទ្ធិឲ្យជនរងគ្រោះ បានបញ្ជាក់ក្នុងអង្គសវនាការថា ជនជាប់ចោទ ពិតជាបានឆបោកលុយកូនក្តីពួកលោកជាច្រើនលើកច្រើនសារ ដោយគ្មានដីប្រគល់ឲ្យ កូនក្តីពួកលោកដូចការលើកឡើងឡើយ។
ក្រុមមេធាវីការពារសិទ្ធិឲ្យជនរងគ្រោះ បានស្នើសុំឲ្យតុលាការប្រកាសសាលក្រមចាត់របៀបលើសំណុំរឿងនេះ ដើម្បីបើកការស៊ើបសួរបន្ថែមទៀត និងចុះទៅមើលទីតាំងដីជាក់ស្តែងថាតើ ដីដែលជនជាប់ចោទអះអាងនោះ ជនរងគ្រោះជាអ្នកកាន់កាប់ ឬជាដីរបស់ប្រជាពលរដ្ឋកំពុងកាន់កាប់។
បើយោងតាមអំណានបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ណុប ម៉ូវ ភេទស្រី មានប្តីឈ្មោះ ឃឹម សុខ នៅអំឡុង២០១៣ បានស្គាល់ក្រុមជនជាប់ចោទទាំង២នាក់ខាងលើ ដែលជាអ្នករកស៊ីនៅ ខេត្តកំពត ដោយមានការទុកចិត្ត ដោយការជឿទុកចិត្តទើបប្រគល់លុយកក់ចំនួន ៥ម៉ឺនដុល្លារឲ្យទៅជួយរកទិញដីចំនួន ៦០០០ហិកតា ពីប្រជាពលរដ្ឋនៅខេត្តកំពតឲ្យក្រុមហ៊ុនកូរ៉េមួយ។
ក្រោយមកទៀត ដើមបណ្តឹង បានប្រគល់ ប្រាក់ចំនួន ៧៥ម៉ឺនដុល្លារទៀត ទៅឲ្យក្រុមជនជាប់ចោទ ជួយទិញដីចំនួន ២០០៥ ហិកតាបន្ថែម។
ប៉ុន្តែក្រោយពីបានទទួលលុយរួច ក្រុមជនជាប់ចោទ បានត្រឹមតែ ប្រគល់ប្លង់ដីក្លែងក្លាយ និងគ្មានដីពិតប្រាកក់ឲ្យដើមបណ្តឹងនោះទេ រួចក៏រត់គេខ្លួនបាត់ស្រមោល ទើបដើមបណ្តឹងបានសម្រេចដាក់ពាក្យប្តឹង នៅខេត្តកំពត និងខេត្តកណ្តាល តែតុលាការ មិនបានរកយុត្តិធម៌ឲ្យបាន ក៏បន្តប្តឹងឲ្យតុលាការក្រុងភ្នំពេញជួយរកយុត្តិធម៌ រហូតចាប់ខ្លួន ក្រុមជនជាប់ចោទបាន យកមកផ្តន្ទាទោសតាមច្បាប់តែម្តង។
ដើមបណ្តឹងបានទាមប្រាក់ដើមដែលបាត់បង់ ដោយសារក្រុមជនជាប់ចោទឆបោកទាំង២លើក សរុប ៨០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត សរុបចំនួន ៣លាន ៥ពាន់ដុល្លារ ពីក្រុមជនជាប់ចោទ។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទទាំង ២នាក់ខាងលើនេះកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕ អរុណរះ