ភ្នំពេញ៖ កាលពីថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និងលោក សាន ណារិទ្ធ ប្រធានស្តីទីប្រជាការពារខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ និងសង្កាត់ពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋានខណ្ឌដូនពេញរួមមានមហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ, មហាវិថីសហព័ន្ធរុស្សី, ផ្លូវលេខ៤៧-៦៨-១០៦-១០៨, ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ។
ក្នុងប្រតិបត្តិការនោះដែរ មានសហការជាមួយរដ្ឋបាលសង្កាត់ស្រះចក, ផ្សារថ្មីទី៣, បឹងរាំង, ផ្សារចាស់ និងទីរួមផ្សារទាំង៣ ដោយចុះផ្សព្វផ្សាយ អប់រំណែនាំ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋានរបស់ខ្លួន រួមមានមហាវិថីព្រះមុនីវង្ស, ផ្លូវលេខ៦៨, ១៤៤, ១៥៨, ៨១, ១១៨, ១៣០ និងផ្លូវជុំវិញទីរួមផ្សារទាំង៣ផងដែរ។
ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាលបានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារសម្អាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត សម្អាតតាមដេប៉ូសំរាម, ប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារបូមបាញ់លាងសម្អាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសម្អាតការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប និងសួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម។
រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប រុឺម៉កម៉ូតូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាវជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរថែមទៀត៕ ស តារា