ភ្នំពេញ៖ ក្រោយពីលេចមុខមាត់ក្នុងអាជីពបង្ហាញម៉ូត អតីតម្ចាស់ជ័យលាភីកញ្ញាឯកប្រីស្តុនឆ្នាំ២០០៩ កញ្ញា ហ្វាន់ណា ទីយ៉ា ហៅអាយូរី បានប្រកាសចាប់ផ្តើមភ្លស់រសជាតិសម្តែងភាពយន្តវិញម្តង។ ការប្រកាសនេះធ្វើឡើងក៏ស្របពេលដែ ឱកាសសម្តែងជាច្រើនដែលមិននឹកស្មានដល់កំពុងរត់រក។
ហ្វាន់ណា ទីយ៉ា បានចាប់ផ្តើមការងារសិល្បៈដោយចាប់អាជីពជាតារាបង្ហាញម៉ូតចាប់តាំងពីឆ្នាំ២០១០ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងកម្មវីធីប្រកួតកញ្ញាឯកប្រីស្តុនឆ្នាំ២០០៩ ។ នាងទទួលបានឱកាសបង្ហាញម៉ូតជាច្រើន ជាមួយនឹងឱកាសថតបទចម្រៀងខារ៉ាអូខេ ឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ដោយសាររូបសម្រស់ និងទេពកោសល្យនៃការសម្តែងពេលនេះនាងទទួលបាឱកាចូលប្រឡូកក្នុងការងារសម្តែងពេញបន្ទុក។ នាងថាក្រោយសម្រេចចិត្តចូលប្រឡូកការងារសម្តែងភាពយន្តនាងទទួលបានដំណឹងល្អជាច្រើនបន្តបន្ទាប់។ ខណៈដែលពេលនេះមានផលិតកម្ម៣កំពុងទាក់ទងឲ្យនាងចូលសម្តែងទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគ។ តារាស្រីវ័យ២៤ឆ្នាំរូបនេះបានលើកឡើងថា ការសម្តែងនាងមិនប្រកាន់តែជាតួស្លូត កាចឆ្នាស់ឆ្នើម ឬក្នុងតំណែងណាមួយឡើយសំខាន់គឺការផ្តល់ឱកាស និងការមើលឃើញពីសមត្ថភាពសម្តែងរបស់ផលិតករតែប៉ុណ្ណោះ។ នាងបញ្ជាក់ដែរថា សូម្បីតែឈុតឆាកសិចស៊ីក៏នាងមិនមានបញ្ហាចោទដែរ ប៉ុន្តែត្រូវស្ថិតក្នុងរួបភាពមួយដែលមិនជ្រុលហួសហេតុ
ចុងខែនេះនាងនឹងជួបពិភាក្សាការងារសម្តែងភាពយន្តថ្មីមិនក្រោម៣រឿងនោះទេ ហើយប្រសិនបើការចចារត្រូវរ៉ូវគ្នាភាពយន្តថ្មីៗទាំងនេះនឹងត្រូវចាប់ផ្តើមថតក្នុងអំឡុងខែឧសភា ខាងមុខនេះ។ តាមរយៈស្នាដៃភាពយន្តថ្មីនេះនាងក៏រំពឹងដែរថានឹងរុញច្រានឲ្យនាងកាន់តែលេចមុខមាត់ក្នុងវិស័យសម្តែង មិនចាញ់ការងារជាតារាបង្ហាញម៉ូតនោះ។ តារាស្រីរាងស្រឡូនខ្ពស់ស្រឡះរូបនេះបញ្ជាក់ដែរថាទោះបីជាទទួលការងារផ្នែកសម្តែងនាងក៏មិនបោះបង់ការងារជាអ្នកបង្ហាញម៉ូតចោលនោះដែរគឺនាងចង់ឲ្យការងារទាំងពីរទទួលបានជោគជ័យតំណាលគ្នា។ នាងរំពឹងដែរថាការងារសិល្បៈថ្មីរបស់នាងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងទទួលបានផ្លែផ្កាមិនចាញ់ការងារបង្ហាញម៉ូតនោះទេ។
ងាកមករឿងស្នេហាវិញ តារាស្រីរូបនេះទទួលស្គាល់ថា ពិតជាមានបុរសមួយចំនួនតាមស្រលាញ់មែន ប៉ុន្តែនាងហាក់មិនមានបំណងទទួលយកស្នេហាណាមួយទេ ព្រោះតែចង់ពង្រឹងការងារសម្តែងឲ្យជោគជ័យសិន៕ វឌ្ឍនា