ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយកូនស្រី កូនមិនឲ្យខ្លាចម្តាយយកទៅទិញស្រាផឹក តូចចិត្តចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានចងក សម្លាប់ខ្លួន នៅខាងក្រោយផ្ទះ ដោយគ្រាន់តែសុំលុយ កូនស្រីមិនឲ្យ ព្រោះកូនខ្លាចម្តាយ យកទៅទិញស្រាផឹក បង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចសៃឡូកូនភ្នំ ស្ថិតនៅក្នុងក្រុមទី៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សារឿន ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរមេផ្ទះរស់នៅភូមិកើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងប្រហែល១ និង៣០នាទីរសៀល ជនរងគ្រោះបានសុំលុយពីកូនស្រីឈ្មោះ រីម ធារី អាយុ១៨ឆ្នាំ ទៅទិញម្ហូប តែកូនមិនឲ្យ ព្រោះកូនខ្លាចម៉ែយកទៅទិញស្រាផឹកនាំឲ្យលំបាកដល់កូនចៅ។ បន្ទាប់មកជនរងគ្រោះបានដើរទៅក្រោយផ្ទះបាត់ទៅ ។ ចំណែក កូនស្រីមិនចាប់អារម្មណ៍ថាម្តាយដើរទៅក្រោយផ្ទះធ្វើអ្វីដែរ ហើយដោយបាត់ម្តាយយូរមិនឃើញត្រឡប់មកវិញ កូនស្រីបានដើរទៅបន្ទប់ទឹកក្រោយផ្ទះ ចម្ងាយប្រហែល២៥ម៉ែត្រ ស្រាប់តែឃើញម្តាយរបស់ខ្លួនចងក នឹងអាវដៃវែង ជាប់នឹងផ្ទោងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖