ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជួនជនសង្ស័យ៨នាក់ទៅតុលាការក្នុងសំណុំរឿង៥ករណី

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការ ក្នុងសំណុំរឿង៥ករណី ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

សមត្ថកិច្ចប្រាប់ថា ការបញ្ជូនជនសង្ស័យទាំង៨នាក់ទៅកាន់តុលាការនេះ គឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមក ហើយបានបញ្ចប់នីតិវិធីសួរនាំរួចរាល់ក្នុងនោះមានស្រី២នាក់ផងដែរ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៨នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានឃាត់ខ្លួននាពេលកន្លងមក ដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើស ហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះមាន៥ករណី ទី១.ប្រើប្រាស់នូវសារធាតុញៀន ទី២.ជួញដូរសារធាតុញៀន ទី៣.ចាប់តាមដីកា ទី៤.ប្រើប្រាស់អាវុធខុសច្បាប់ និងទី៥.ករណីល្បែងសុីសងខុសច្បាប់ (កត់កន្ទុយលេខឆ្នោតវៀតណាម)។

បន្ទាប់ពីបញ្ជូនជនសង្ស័យទាំង៨នាក់ទៅតុលាការនោះដែរ អធិការនគរបាលខណ្ឌសែនសុខក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួចឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបបានទាន់ពេលវេលា៕ តុង សីហា


ចែករំលែក៖