សិង្ហបុរី៖ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលបានរៀបចំដោយ លោកនាយករដ្ឋមន្រ្តីសិង្ហបូរី Lee Hsien Loong ដើម្បីស្វាគមន៍ និងអបអរសាទរក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ។
ពិធីលៀងសាយភោជន៍កាលពីយប់មិញនេះ គឺមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃគណៈប្រតិភូអាស៊ានទាំង១០ ព្រមទាំងមន្រ្តីសំខាន់ៗដែលជាដៃគូអាស៊ានជាច្រើនរូបទៀតផង។ ពិធីជួបជុំនេះ គឺបានរិតចំណងមិត្តភាព និងបង្កើននូវកិច្ចសហប្រតិបត្តិកាន់តែល្អរឹងមាំរវាងប្រទេសសមាជិកអាស៊ានទាំងអស់ ស្របពេលនៃសមាហរណកម្មអាស៊ានទាំងមូល។
នៅថ្ងៃព្រឹកទី ២៨ មេសានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលផ្លូវការអាស៊ានលើកទី ៣២ នៅ Island Ballroom, Shangri-La Hotel និងបន្ទាប់មក សម្តេចតេជោប្រមុខដឹកនាំនឹងអញ្ជើញទស្សនាពិពណ៍ស្តីពី ប្រជាជាតិវៃឆ្លាត “Smart Nation” ដែលបង្ហាញពីទីក្រុងគម្រូសិង្ហបូរី និងគោលនយោបាយគ្រប់គ្រងទិន្នន័យ និងកាបូបលុយប្រើតាមទូរស័ព្វចល័ត។
តាមគម្រោងកម្មវិធី សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមប្រជុំកំពូលអាស៊ានលើកទី ៣២ ចង្អៀត នៅម៉ោង ១១:០០ដល់ម៉ោង ១២:៣០ រសៀល ហើយបន្ទាប់មក សម្តេចតេជោ នឹងពិសារបាយថ្ងៃត្រង់មុននឹងអញ្ជើញចាកចេញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕