ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នារួចជ្រុលទៅបុករោងការដែលកំពុងទទួលភ្ញៀវ

ចែករំលែក៖

ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងរថយន្ត បណ្ដាលអោយស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ព្រមទាំងខូចខាតរថយន្ត២គ្រឿង និងសម្ភារប្រជាពលរដ្ឋមួយចំនួនទៀត ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៥០នាទី នៅចំណុច ផ្លូវលេខ២១ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ថ្លែងថា មុនពេលហេតុការណ៍នេះ គឺមានរថយន្តម៉ាកវីស្តូ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8952 បើកបរដោយឈ្មោះ លឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ។

ប្រភពបន្តថា លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានវេចង្កូតចូលទៅបុករថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5568 បើកបរដោយឈ្មោះ ណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយឈ្មោះ គា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ខណៈដែលរថយន្តហ៊ីយ៉ាន់ដាយកំពុងបើកបញ្ច្រាសទិសគ្នា ពីជើងមកត្បូង បណ្ដាលឲ្យ អ្នកបើកបររថយន្តម៉ាកវីស្តូគៀបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងធ្វើឲ្យរថយន្តធំ ជ្រុលទៅប៉ះឈ្មោះ ម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិលុំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងឈរទទួលភ្ញៀវរោងការ នៅលើចិញ្ចើមផ្លូវខាងកើត រងរបួសធ្ងន់ និងខូចខាតម៉ាសីុនថតវីដេអូ, ភ្លើងLED, កៅអីកាត់សក់, ជើងថតវីតដេអូ មួយចំនួនទៀត ។

ក្រោយកើតហេតុនេះភ្លាម សមត្ថកិច្ចជំនាញបានចុះពិនិត្យទីកន្លែងកើតហេតុ និងវាស់វែងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើករថយន្តធំបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុលស្អាង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បង្កឡើងដោយអ្នកបើកបររថយន្តធុនតូចវីស្តូ បើកចូលស្ដាំរបស់រថយន្តធុនធំ ដោយការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ៕


ចែករំលែក៖