ព័ត៌មានទាន់ហេតុការណ៍៖

ចោរអារកប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះដើរដួលសន្លប់ត្រូវក្រុមអ្នកផឹកជួយដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ជនរងគ្រោះម្នាក់ត្រូវក្រុមចោរអារ.កហូរឈាម កក្កលាក់ ប្លន់យកម៉ូតូទៅបាត់ កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃ សៅរ៍ ១៤ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី២៨ មេសា ស្ថិតត្រង់ចំណុចផ្លូវទំនប់ ក5 ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡាង សុចិន្តា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រភពដដែលបន្តថា ជនរងគ្រោះក្រោយពីត្រូវចោរអារ.កប្លន់យកម៉ូតូទៅបាត់ បានប្រឹងដើរសំដៅទៅផ្ទះអ្នកស្រុកឱ្យជួយ ខណៈនោះ មានគ្រួសារមួយកំពុងអង្គុយផឹកស៊ីនៅមុខផ្ទះ ត្រូវជនរងគ្រោះដើរចូលទៅដួលនៅទីនោះហើយពេលឃើញដូច្នេះ ក្រុមអ្នកផឹកស្រឡាំងកាំង ក៏នាំគ្នាជួយដឹកជនរងគ្រោះតាមម៉ូតូទៅកាន់គ្លីនិក ក្បែរនោះប៉ុន្តែម្ចាស់គ្លីនិក មិនហ៊ានទទួល ក៏ដឹកបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ព្រោះតែសភាពធ្ងន់ធ្ងរពេក ។

ក្នុងករណីនេះគេមិនទាន់ដឹងថា ម៉ូតូរបស់ជនរងគ្រោះម៉ាកអីនៅឡើយទេ ហើយក៏មិនទាន់ដឹងពីសកម្មភាពប្លន់នោះយ៉ាងណានៅឡើយដែរ ព្រោះតែជនរងគ្រោះមិនអាចសួរនាំបាន ហើយមកដល់ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យនៅឡើយ ៕ សហការី


ចែករំលែក៖