ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់ម្ដាយបង្កើតនៅខេត្តកំពតគេចខ្លួនមកខេត្តពោធិ៍សាត់ នគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អធិការដ្ឋាននគរបាលស្រុកវាលវែងសហការគ្នា ឃាត់ចាប់ខ្លួនកូនរមឹសគុណសម្លាប់ម្ដាយបង្កើតយ៉ាងរន្ធត់ នៅឯខេត្តកំពតរួចរត់គេចខ្លួនមកពួនសម្ងំអាថ្មានៅខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនត្រឡប់ទៅមន្រ្តីជំនាញមូលដ្ឋានដើម្បីបន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង១៤នាទី រសៀលថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ណុប សុខរឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក អនុសេនីយ៍ឯកបន្តទៀតថា ជនសង្ស័យឃាតករូបនេះបានប្រព្រិត្តបទល្មើសមនុស្សឃាត(សម្លាប់ម្ដាយបង្កើតរបស់ខ្លួន)នៅក្នុងផ្ទះកាលពីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ ហើយបានរត់គេចខ្លួនមកពួនសម្ងំអាថ្មានៅផ្ទះមិត្ត ស្ថិតក្នុងភូមិ.ឃុំជាកន្លែងឃាត់ខ្លួនខាងលើ ជនសង្ស័យបានប្រគល់ជូនសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកផងដែរថា៖ ជនសង្ស័យជាឃាតកដែលបានរត់គេចខ្លួនមកពួនសំងំអាថ្មានៅខេត្តពោធិ៍សាត់ ហើយត្រូវបានសមត្តកិច្ចខេត្តពោធិ៍សាត់ឃាត់ចាប់ខ្លួនបញ្ជូនត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីអនុវត្តច្បាប់ថ្មីៗនេះមានចំនួន ០៣នាក់ហើយ ដោយលើកទី១(នគរបាលស្រុកវាលវែង)ឃាត់ចាប់បាននៅវេលាម៉ោង៧ ៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨(ករណីបាញ់សម្លាប់ប្រពន្ធនៅភូមិ.សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨)កន្លងមក។ លើកទី២(នគរបាលស្រុកភ្នំក្រវាញ)ឃាត់ចាប់បាននៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨(ករណីវាយបងថ្លៃ ឪពុកបង្កើតបណ្ដាលឲ្យរងរបួស និងកាប់សម្លាប់ម្ដាយបង្កើត ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះ និងលើកទី៣(នគរបាលខេត្ត និងស្រុកវាលវែង)ឃាត់ចាប់ខ្លួនដូចបានរាបរប់ខាងលើនេះ៕ ប៉ឹម ពិន


ចែករំលែក៖