ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តបុកពេញទំហឹងស្លាប់យ៉ាងអាណោចអាធ័យម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកបុក បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៣និង៣៩នាទី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ឯល ធន់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិ ព្រែកផ្លៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកសង់កូរ៉េ ធុន១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិសាត់1C-3276 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ពណ៍ស +ខៀវ ពាក់ស្លាកលេខភ្នំពេញ3A2096 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានបត់ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចដោយមិនមើលឆ្វេងមើលស្ដាំនោះទេ ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែងកន្លែងកើតហេត រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ ករណីខាងលើនេះ គឺបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្នមើលឆ្វេងមើលស្ដាំមុនបត់ឆ្លងផ្លូវ ទើបបានជាមានគ្រោះថ្នាក់កើតឡើង ៕ ស្អាងជ័យ


ចែករំលែក៖