ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ដែលវាយអ្នករើសអេតចាយបែកក្បាលកំពុងរកច្រកចេញពីគុក

ចែករំលែក៖

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីបានឲ្យដឹងថា មេធាវី ការពារក្តីឲ្យជនត្រូវចោទឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេនដែលយកកាំភ្លើងខ្លីវាយអ្នករើស អេតចាយបែកក្បាលនៅខណ្ឌចំការមន បានដាក់ពាក្យស្នើសុំទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំជាបណ្តោះអាសន្ន ។

ពាក់ព័ន្ធករណីមេធាវីការពារក្តីឲ្យលោក ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ដាក់ពាក្យស្នើសុំឲ្យកូនក្តីនៅក្រៅឃុំនេះលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឆ្លើយតបនឹងអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា «សូមលោកសួរទៅខាង មេធាវី ឬទៅលេខាធិការដ្ឋានសាលាដំបូង»។

ដោយឡែកលោក អុី រិន្ទ ប្រធាន លេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់តាម ទូរស័ព្ទថា ករណីនេះលោកនឹងជម្រាបជូនតាមក្រោយនៅពេលលោកសួរចៅក្រមស៊ើបសួរបានច្បាស់សិន។ ពេលនេះមិនទាន់អាចសួរទៅចៅក្រមស៊ើបសួរគឺលោក រស់ ពិសិដ្ឋ បានទេ ។

គួរបញ្ជាក់ថា លោក រស់ ពិសិដ្ឋ ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨កន្លងទៅបានចេញដីកាសម្រេច ឲ្យឃុំខ្លួនឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេននៅ ពន្ធនាគាររាជធានីភ្នំពេញPJជាបណ្តោះ អាសន្នករណីយកកាំភ្លើងវាយអ្នករើស អេតចាយបែកក្បាល ។

លោក សៀង សុខ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា លោកបាន សម្រេចចោទប្រកាន់លើលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេនពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសយោងតាមមាត្រា ២១៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូដែលវាយអ្នករើសអេតចាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែល លោកឧត្តមសេនីយ៍ត្រីចូលខ្លួនទៅសារ ភាពនៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ។

ទោះជាយ៉ាងណាសមត្ថកិច្ចបានឲ្យដឹង ថា សំណុំរឿងលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង នេះសមត្ថកិច្ចបញ្ជូនខ្លួននិងសំណុំ រឿងទៅតុលាការ។ ចំណែកកាំភ្លើងខ្លីដែលលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ប្រើដើម្បីប្រព្រឹត្តបទល្មើសវាយក្បាលអ្នករើស អេតចាយនោះគឺសមត្ថកិច្ចមិនបានដក ហូតនិងបញ្ជូនទៅតុលាការនោះទេ ។

គួររំលឹកថា ជនត្រូវចោទឧត្តមសេនីយ៍ ត្រី ប៉ិច តុងហេង បានប្រើអំពើហិង្សាដោយយកកាំភ្លើងវាយក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ២១ឆ្នាំ អ្នករើសអេតចាយ ព្រោះខឹងជនរងគ្រោះមើលមុខរបស់ខ្លួន ។

ករណីហិង្សានោះបានកើតឡើងកាល ពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នៅ ក្បែរអគារខុនដូរបស់ជនបង្កមានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញជន ត្រូវចោទជិះរថយន្តម៉ាកChevrolet Camaro ពាក់ស្លាកលេខភ្នំពេញ 2AP-8989 ដោយ រោទ៍ម៉ាសុីនខ្លាំងៗទើបជនរងគ្រោះមើល មុខជនសង្ស័យដែលនៅក្នុងរថយន្ត ។

ពេលឃើញកម្មករមើលមុខបែបនេះ ជនសង្ស័យបានបើករថយន្តត្រឡប់មក វិញ ហើយក៏ចុះពីលើរថយន្តដោយមាន កាន់កាំភ្លើងខ្លីទំនើបមួយដើមទៅវាយអ្នក រើសអេតចាយនោះបែកក្បាលដេរជាច្រើនថ្នេរតែម្តង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងទៀត​ថា សំណុំរឿងនេះជនត្រូវចោទលោកឧត្តម សេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណង ទៅជនរងគ្រោះចំនួន៤.០០០ដុល្លារដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង បើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែងជនសង្ស័យដែលមានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅឃុំ។ ប៉ុន្តែដោយសារតែរឿងនេះត្រូវបានមហា ជន ពិសេសក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់ខ្លាំងទើបឧត្តមសេនីយ៍ត្រីមានទ្រព្យស្តុកស្តម្ភរូបនេះត្រូវបង្ខំចិត្តដេកគុកមួយរយៈសិន ព្រោះតែទង្វើខ្វះការ ពិចារណារបស់ខ្លួន ៕ ហេង សូរិយា


ចែករំលែក៖