ព័ត៌មានទាន់ហេតុការណ៍៖

កែវ ស្រីនាង ថាមិនបារម្ភពេលជួបអូនឧស្សាហ៍លើកទី៣ក្នុងរឿង“កាំបិតមុខ២”

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ខែឧសភានេះ ផលិតកម្មមហាហង្សបានរៀបចំពិធីក្រុងពាលីប្រកាសចេញថតភាពយន្តថ្មីក្រោមវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើនរួមទាំងក្រុមការងារផលិតកម្មមហាហង្សផងដែរ ។ តារាសម្តែងលេចធ្លោរពីររូបគឺលោកអូនឧស្សាហ៍ និងអ្នកនាងកែវ ស្រីនាង នឹងចាប់ដៃគូសម្តែងរួមគ្នាជាលើកទី៣ក្នុងភាពយន្តភាគថ្មីគឺរឿង”កាំបិតមុខ២” ។

ការចាប់ដៃគូសម្តែងថ្មីនេះនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីក្រោយពីពួកគេខកខានសម្តែងរួមគ្នាជាអស់ជាច្រើនឆ្នាំ ។

លោកអូនឧស្សាហ៍នឹងសម្តែងជាតួអង្គឈ្មោះវិជ្ជបុត្រ ដែលមានអត្តចរិកជាបុរសសម្បូរស្នេហ៍កាចរឹងរូស និងធ្វើបាបចិត្តតួស្រីច្រើន ។ លោកថាកន្ល្ងងមកលោកធ្លាប់សម្តែងជាមួយកែវ ស្រីនាង ក្នុងភាពយន្តភាគរឿង”វិញ្ញាណស្នេហ៍អាថ៌កំបាំង” និងភាពយន្តខ្នាតធំរឿង”ក្រមុំសៅកែ” ។ លោកថាក្នុងសាច់រឿងលោកមានស្នេហាច្រើនបន្តបន្ទាប់ ដែលសូម្បីតែអ្នកបម្រើក្នុងផ្ទះក៏លោកមានស្នេហាជាមួយដែរ ។ លោកថាភាពយន្តនេះនឹងឆ្លុះបញ្ចាំងការអប់រំច្រើនលើសង្គមគ្រួសារ និងស្នេហាបុរសនារីនាសង្គមបច្ចុប្បន្ន ។

អ្នកនាងកែវ ស្រីនាង បញ្ជាក់ថានាងសប្បាយចិត្ត ដែលទទួលបានឱកាសសម្តែងភាពយន្តភាគជាថ្មីពិសេសជាមួយដៃគូសម្តែងចាស់លោកអូនឧស្សាហ៍ ដែលធ្លាប់សម្តែងរួមគ្នាក្នុងភាពយន្តភាគ និងភាពយន្តខ្នាតធំកន្លងមក ។ នាងលើកឡើងថាក្នុងភាពយន្តភាគថ្មីនេះនាងសម្តែងជាតួអង្គឈ្មោះនាងម៉ាវតីមានអត្តចរិកឡិកឡក់លេងសើច និងកាចឆ្នាសផងដែរ ។ នាងថាមិនមានបញ្ហាក្នុងការសម្តែងរួមគ្នានោះទេព្រោះតែនាង និងតួឯកប្រុសរូបនេះស្និទ្ធស្នាលគ្នាស្រាប់ និងធ្លាប់សម្តែងរួមគ្នា ដែលដឹងច្រើនអំពីចិត្តគំនិត និងការដាក់អារម្មណ៍ក្នុងការសម្តែង ។

ក្រៅពីលោកអូនឧហ្សាហ៍ និងអ្នកនាងកែវ ស្រីនាង ភាពយន្តរឿង“កាំបិតមុខ២”ក៏មានការចូលរួមសម្តែងពីតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតដូចជាលោកអ៊ុនសុធាអ្នកនាងភិនសុដាលីសកញ្ញាម៉ៅគឹមធីតាអ្នកស្រីសរកេសរ៉ាអ្នកស្រីចាន់តារាទីលោកម៉េងរ៉ាវុធកញ្ញាសឿនផានផាភួងអ្នកនាងវ៉ាន់លីលីលោកហមឈរ៉ាជាដើម ។ ភាពយន្តនេះមានចំនួន៤៥ភាគ ដែលចំណាយពេលប្រមាណជាង៤ខែក្នុងការផលិតហើយនឹងធ្វើការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍PNN នៅពេលខាងមុខនេះ៕ វឌ្ឍនា


ចែករំលែក៖