ភ្នំពេញ៖ ប្រជាពលរដ្ឋមួយគ្រួសាររស់ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានស្រែកអយុត្តិធម៌ និងបានត្រៀមដុតពោះវៀន និងសំបកកង់ម៉ូតូផងស្របពេលតុលាការចុះមកអនុវត្តសាលដីកានាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវ១៩៦២ ។
ប្រតិបត្តិការណ៍ខាងលើនេះដឹកនាំដោយលោក ម៉ោង សុភាព និងលោក ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំគណៈកម្មការចំម្រុះមកអនុវត្តសាល ដីការដ្ឋប្បវេណីលេខ ៣១៧«ញ»ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូល ។
ដីទំនាស់ខាងលើខាងលើនេះ មានទំហំ៥ម៉ែត្រគុណ១៨ម៉ែត្រ ដែលបានប្តឹងផ្តល់គ្នាជិត១០ឆ្នាំ មកហើយរវាងដើមចោទឈ្មោះ ស៊ុយ លាង ភេទស្រី អាយុ៦៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៩ E1Z ផ្លូវ១៧៨ ក្រុម៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងចុងចម្លើយឈ្មោះ បាន សារុំ ភេទស្រី អាយុ៥០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ។
ក្នុងការចុះអនុវត្តខាងលើនេះអ្នកចាញ់ក្តីបានផ្ទុះការតវ៉ា ដោយមានបងប្អូន និងអ្នកជិតខាងចូលរួមដោយត្រៀមសំបកកង់ម៉ូតូ និងពោះវៀនកង់ ដបសាំងដុត ប្រឆាំងផង។ តាមលោកស្រី បាន សារុំ អ្នកចាញ់ក្តីបានអោយដឹងថា ដីទំនាស់ខាងលើនេះ គាត់បានទិញពីប្អូនស្រីឈ្មោះ បាន សុផាន់ តាំងពីឆ្នាំ២០០៨ម្ល៉េះ ដោយមិនទាន់មានប្លង់រឹងឡើយ ក្រោយឡើងឈ្មោះស៊ុយ លាង បានទិញដីពីប្អូនគាត់មួយឡូត៍ដែរដោយជាប់នៅខាងលិចដីគាត់ លុះគាត់បានធ្វើផ្ទះលើដីគាត់ហើយ ស្រាប់តែឈ្មោះស៊ុយ លាង បានចោទគាត់ថាធ្វើផ្ទះលើដីគាត់ទៅវិញ និងបានប្តឹងផ្តល់ទៅតុលាការរហូតដល់កំពូលរហូតអោយគាត់ចាញ់ទាំងអយុត្តិធម៌។
ក្រោយពីកូនបំណុលនៃកាអនុវត្តបានធ្វើការតវ៉ាយ៉ាងខ្លាំង និងសំណូមពរឱ្យគណៈកម្មការធ្វើការផ្អាកជាបណ្តោះអាសន្នដើម្បីទុកពេលអោយខ្លួនធ្វើការតវ៉ាទៅតុលាការកំពូលគណៈកម្មការចំម្រុះបានសម្រេចផ្អាកជាបណ្តោះអាសន្ន និងលើកពេលអនុវត្តសាលដីកាខាងលើទៅថ្ងៃក្រោយវិញ ៕ តុង សីហា