ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសីឆ្មក់បង្ក្រាបក្រុមញៀនល្បែងជល់មាន់៣នាក់ដកហូតអាគក៥ក្បាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមញៀនល្បែងជល់មាន់ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួន និងជាច្រើនអ្នកទៀតបានរត់បាតជើងសព្រាតយករួចខ្លួនរៀងៗខ្លួន និងដកហូតបានអាគកចំនួន០៥ក្បាល ខណៈដែលពួកគេកំពុងតែប្រមូលផ្តុំគ្នា កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីវាលមួយកន្លែងស្ថិតនៅក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលស្រុកគងពិសីបាននិយាយឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ បានដោយមានការរាយការណ៍ពីកម្លាំងជំនាញតាមដានជាយូរខែមកហើយ ទើបនៅវេលានោះកម្លាំងអធិការដ្ឋានបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំរកាកោះ បង្ក្រាបល្បែងស៊ីសង(ជល់មាន់)១កន្លែង នៅភូមិរកាកោះ ឃុំរកាកោះ ឃាត់ខ្លួនបានមនុស្ស ៣នាក់ ដែលទី ១-មាន ឈ្មោះ សែម ស៊ឺន ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺទី២-មានឈ្មោះ ហ៊ឹម រឿន ភេទប្រុស អាយុ ៥៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ចក់ ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលស្រុកបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង៣នាក់ខាងលើរួចមក ហើយជាច្រើនអ្នកបានរត់គេចខ្លួនបាតជើងសព្រាតរួចមក នគរបាលស្រុក ដកហូតបាន មាន់ជល់ ០៥ក្បាល(ងាប់) ម៉ូតូចំនួន៣.គ្រឿង និងជញ្ជីងថ្លឹងសម្រាប់មាន់ជល់ចំនួន ០១គ្រឿងផងដែរ ។

តាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា នៅចំណុចខាងលើដែលនគរបាលបង្ក្រាបនេះលួចលាក់ជល់មាន់ជាយូរខែមកហើយ ទើបនគរបាលឈានទៅបង្ក្រាប បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ សេនា សក្តិ


ចែករំលែក៖