ខេត្តកំពង់ចាម: ពិតជាគួរឲ្យខ្លោចចិត្តណាស់ដែលកំលោះចាស់ម្នាក់ ខណៈកំពុងដឹកគោយកមកពីកន្លែងចងឲ្យស៊ីស្មៅ នៅវាលស្រែកាត់ភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ទាំងម្ចាស់ និងគោមួយក្បាលភ្លាមៗមួយរំពេច ។
ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃ ចន្ទ ៨ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រពាំងឈូក ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ អាយុ៣២ឆ្នាំ ជាកំលោះចាស់ រស់នៅភូមិ-ឃុំ-ស្រុកខាងលើបាន ទៅដឹកយកគោដែលចងទុកឲ្យស៊ីស្មៅនៅវាលស្រែមកផ្ទះ ហើយពេលទៅដល់កន្លែងគោស៊ីស្មៅក៏ត្រូវរន្ទះស្លាប់ទាំងម្ចាស់ ងាប់ទាំងគោតែម្តង ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានទៅលើកសពមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯសត្វគោញីមួយក្បាលនោះ បានលក់ឲ្យឈ្មួញកាប់សាច់យកទៅលក់ផងដែរ ៕ សហការី