ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកគេចក្មេងរត់ឆ្លងថ្នល់ក្រឡាប់ឆេះធ្លាក់ផ្លូវរបួសស្រាល០៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងដោយរថយន្តបែនដឹកដីធ្លាក់ក្រឡាប់ខ្លួនឯងទៅក្រោមថ្នល់បណ្តាលឲ្យឆេះខូចខាតស្ទើរតែទាំងស្រុង និងបណ្ដាលឲ្យមានអ្នករងរបួសស្រាល៣នាក់ (ប្រុស) ។

ហេតុការណ៍នេះបានកើតហេតុនៅវេលាម៉ោង ១៥និង៥១នាទី ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ KM 26_27 ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនកើតហេតុខាងលើ រថយន្តមួយគ្រឿងម៉ាកNISSAN ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1739 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានគេចពីក្មេង ដែលរត់ឆ្លងថ្នលពីកើតមកលិច ក៏ជ្រុលធ្លាក់ទៅក្រោមថ្នល់ខាងស្ដាំក្រឡាប់បណ្ដាលឲ្យឆេះខូចខាត ស្ទើរតែទាំងស្រុង។

អ្នកបើកបរថយន្ត ឈ្មោះ រី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល(រងរបួសស្រាល) អ្នករួមដំណើរពីរអ្នក មិនទាន់ស្គាល់អត្តសញ្ញាបណ្ណ័ រងរបួសស្រាលទាំងពីរនាក់ ៕


ចែករំលែក៖