ខេត្តបន្ទាយមានជ័យ៖ នេះជាសកម្មភាពមួយដែលជនសង្ស័យគ្រឿងញៀនបានលក់ចែកចាយគ្រឿងញៀន នៅក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ទៅឲ្យក្រុមយុវជន ត្រូវបានប្រជាពលរដ្ឋលួចថតតាមកាមរ៉ាវីដេអូរ ហើយប្តឹង ទៅសមត្ថកិច្ចឈានចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនរូបនោះរួម និងមុខសញ្ញាគ្រឿងញៀនសរុប៩នាក់ និងថែមបានដកហូតគ្រឿងញៀនមួយចំនួនផងដែរ ។
ជនសង្ស័យគ្រឿងញៀនទាំង៩នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតចាប់បញ្ជូន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។ ក្រោយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំដោយអធិការ នគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនជាបន្តបន្ទាប់កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ត ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានប្រាប់ឲ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀនទាំង៩នាក់ មានម្នាក់ដែលជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀនមានឈ្មោះហួ ប៉ោគាង ភេទប្រុស អាយុ៥០ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជននេះហើយដែលធ្វើសកម្មភាពតាមរូបភាពវីដេអូរ លក់ចែកចាយគ្រឿងញៀនទៅឲ្យយុវជន ។ ចំណែកជនសង្ស័យ៨នាក់ទៀត ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងគ្រឿងញៀនដកហូតបានជាប្រភេទមេតំហ្វេតាមីនទឹកកក១៤កញ្ចប់ថង់តូច ។
សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវគេនិយាយថាជាតំបន់ស្មុគស្មាញដោយបញ្ហាគ្រឿងញៀនមានក្រុមទុច្ចរិតគ្រឿងញៀនតែងយកទីតាំងក្រុងប៉ោយប៉ែត ធ្វើជាកន្លែងសកម្មភាពលក់ចែកចាយ និងជួញដូរគ្រឿងញៀន កន្លងមកករណីបង្រ្កាបមេខ្លោងគ្រឿងញៀនធំៗពីសំណាក់សមត្ថកិច្ចក៏ត្រូវបានបង្រ្កាបនៅក្រុងប៉ោយប៉ែត និងមេខ្លោងគ្រឿងញៀនមួយចំនួនទៀតក៏រងការបង្រ្កាបនៅរាជធានីភ្នំពេញ ដែលជាមុខសញ្ញាចេញពីក្រុងប៉ោយប៉ែតនោះផងដែរ ៕ សំ វិច្ឆិកា