ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរមានសមត្ថកិច្ចថៃបានបញ្ជូនសាកសពប្រជាពលរដ្ឋខ្មែរចំនួន១០នាក់និងពលករខុសច្បាប់ចំនួន៣.៧៥០នាក់ ក្នុងខែមេសា ឆ្នាំ២០១៨ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ដោយយោងតាមរបាយការណ៍ខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរមានសមត្ថកិច្ចថៃបានបញ្ជូនសាកសពប្រជាពលរដ្ឋខ្មែរចំនួន៩នាក់និងកម្ពុជាបញ្ជូនសាកសពថៃម្នាក់ទៅថៃ ហើយបានបញ្ជូនពលករខ្មែរដែលធ្វើការដោយខុសច្បាប់នៅប្រទេសថៃមានចំនួន៧២លើកមានចំនួន៣.៧៥០នាក់ ក្នុងនោះមានបុរសចំនួន១.៩៩០នាក់ ស្រីចំនួន១.៣៥៩នាក់ កុមារ៤០១នាក់។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យកាលពីកន្លងទៅថ្មីៗនេះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថាបញ្ហាពលករចំណាកស្រុកដោយខុសច្បាប់គឺជាបញ្ហាសំខាន់បំផុតចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅរកការងារធ្វើដោយខុសច្បាប់តាមរយៈមេខ្យល់ប្រឈមគ្រោះថ្នាក់ដូចជាឆ្លងព្រំដែនល្មើសច្បាប់និងទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។
លោកបានដាក់វិធានការដល់កម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវលុបបំបាត់នៅច្រករបៀងខុសច្បាប់ឲ្យអស់តាមការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវលុបបំបាត់ឲ្យអស់ច្រករបៀងល្មើសច្បាប់ដែលលួចពលករចេញចូលខុសច្បាប់និងទំនិញគេចពន្ធនិងខូចគុណភាពបទល្មើសផ្សេងៗដែលកើតឡើងទប់ស្កាត់ឲ្យបាន ៕ សំ វិច្ឆិកា