ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្រសួងបរិស្ថានផ្តល់ឱកាសឲ្យ​លោកប៉ាន់ មរកត ប្រព្រឹត្តល្មើសដល់ពេលណា

ចែករំលែក៖

ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ យ៉ាងហោចណាស់ប្រធានមន្ទីរបរិស្ថាននៃខេត្តចំនួនពីរត្រូវបានដកតំណែង ។ ប៉ុន្តែបើតាមការកត់សម្គាល់បណ្តាខេត្តដែលមានបទល្មើសព្រៃឈើ​មិនទាន់​មានការ​ប្រែប្រួលជាវិជ្ជមាននៅឡើយទេ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា តើក្រសួងបរិស្ថានទុកឱកាសឲ្យមន្ត្រីពុករលួយនៅបន្តប្រព្រឹត្តបទល្មើសព្រៃឈើដល់ពេលណាទៀត ។ ជាក់ស្តែង​បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្រោមអំណាចរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់​កំពុងតែកើតមាន​ជារៀងរាល់ថ្ងៃដោយមិនថមថយ ។ មិនតែប៉ុណ្ណោះបុរសម្នាក់ឈ្មោះ ប្រាក់ អ៊ីឡេង ជាដៃជើងរបស់លោកប៉ាន់ មរកត​ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់​បានត្រឡប់មកចាត់ចែងបទល្មើសនៅតំបន់ភ្នំឱរ៉ាល់វិញហើយ ។

ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ់បានឲ្យដឹងថា បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់​បានកក្រើកឡើងវិញ ដោយសារតែការវិលត្រឡប់​របស់លោក​ប្រាក់ អ៊ីឡេង ប្រធាន​ក្រុមល្បាតពិសេស​នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។ លោកប្រាក់ អ៊ីឡេង ជាអ្នកចាត់ចែងឲ្យមានបទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ កញ្ចប់ថវិកាដែលប្រមូលបាន​ពីបទល្មើស​ត្រូវបានចែករំលែកទៅឲ្យប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលជាមិត្តភក្តិម្រាក់ក្លើ ។ សម្រាប់ប្រជាពលរដ្ឋយល់ថា លោកបាន់ មរកត អាចបោះកញ្ចប់ថវិកាដល់ថ្នាក់ដឹកនាំក្រសួងរបស់ខ្លួនផងដែរ ទើបអាចឈរជើងនឹង នៅខេត្តពោធិ៍សាត់ បើទោះបីជាបទទល្មើសព្រៃឈើកក្រើកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងណានោះ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានគោយន្តរាប់រយគ្រឿងសម្រុកដឹកឈើចេញពី​តំបន់​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ខេត្តពោធិ៍សាត់ ឆ្លងចូលទៅខេត្តកំពង់ស្ពឹ​យ៉ាងគគ្រឹកគគ្រេង ។ គេរាយការណ៍ថា ​ភាគតិចណាស់ដែលគោយន្តដឹកឈើ​ឆ្លងទឹកដីខេត្តពោធិ៍សាត់មកផ្លូវជាតិលេខ៥ ។ ភាគច្រើនគឺគោយន្តដឹកឈើ​ឆ្លងទៅខេត្តកំពង់ស្ពឺតែម្តង ។ សម្រាប់លោកប៉ាន់ មរកត បើទោះបីជាបទល្មើស​ព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកើតឡើងយ៉ាងគគ្រឹកគគ្រេងក៏ដោយ ក៏មិនខ្វល់នោះដែរ ។ លោកប្រាក់ អ៊ីឡេង មានភារកិច្ចប្រមូលលុយពីបទល្មើស មកចែករំលែកឲ្យលោកប៉ាន់ មរកត ដែលជាមេកើយ ។ គេមិនដឹងថា តើ​ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានទទួលលាភសក្ការពីលោកប៉ាន់ មរកត ដូចសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ដែលមានបទល្មើសនោះដែរឬយ៉ាងណាទេ ៕


ចែករំលែក៖