ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ឃាត់ខ្លួន២នាក់ផ្សេងគ្នា នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពិរុទ្ធជនម្នាក់ និងម្នាក់ទៀតពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរធ្វើឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន និងចាប់ខ្លួនរបស់ចៅក្រមសើបសួរ និងជំនុំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់។

ផ្នែកនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងបានឃាត់ខ្លួន(ពិរុទ្ធ)ជនម្នាក់ឈ្មោះ លឹម ឡាយ ហៅលឹម អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ(កន្លែងចាប់ខ្លួន) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១ ចខ១៨ ចេញដោយលោក អុិត សម្ភស្ស ចៅក្រមជុំនំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់(ដោយដាក់ទណ្ឌកម្មក្នុងពន្ធនាគារ ០២ឆ្នាំ)។

ប្រភពបន្តថា លុះនៅវេលាម៉ោង៩ និង១០នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងបានធ្វើការឃាត់ខ្លួនបុរសម្នាក់ទៀតឈ្មោះ វង្ស មុន្នី ហៅភា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ(កន្លែងចាប់ខ្លួន) តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤៣ នខ ១៨ ចេញដោយលោក យាន សុភាព ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រិត្តនៅស្រុកក្រគរ និងក្រុងពោធិ៍សាត់ កាលពីចុងឆ្នាំ២០១៦ដល់ចុងឆ្នាំ២០១៧។

ប្រភពដដែលបន្តទៀតថា ចំពោះជនទាំង ២នាក់ដែលបានអនុវត្តតាមអំណាចដីកាសាលាដំបូងខេត្តពោធិ៍សាត់ បាននាំយកទៅបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយបានបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តបោធិ៍សាត់អស់ហើយនោះដែរ ៕ ប៉ឹម ពិន


ចែករំលែក៖