ខេត្តរតនគិរីៈ បុរសម្នាក់ជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតបុករថយន្តសាំយ៉ុងបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរសង្ស័យស្រវឹងស្រា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខសាលាឆទាន ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
នគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ និត សុផល ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាក វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ២J-៣៩៥៨ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បើកបរទិសដៅពីជើងទៅត្បូង។
ឯរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AL-៤២៧៨បើកបរក្នុងទិសដៅពីត្បូងទៅជើងខណ:ពេលនោះម៉ូតូបានជ្រុលចង្កូតទៅបុករថយន្តចំថ្ពាល់ខាងឆ្វេងពេញទំហឹងតែម្តង។
ភ្លាមៗនោះអ្នកបើកបររថយន្តឃើញសភាពការណ៍មិនស្រួលក៏រត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ។
បន្ទាប់ពីកើតហេតុនគរបាលចរាចរណ៍មូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗដែរ ហើយធ្វើការវាស់វែងនិងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តដឹកបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តផងដែរ។
មធ្យោបាយទាំងពីរគ្រឿងត្រូវបាននគរបាលយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ជីវ័ន្ត