ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺចាត់វិធានការរឹតបន្តឹងការអនុវត្ដច្បាប់ឃាត់រថយន្តដឹកទំនិញសំពីងសំពោងលើសកម្ពស់ និងខុសលក្ខណៈបច្ចេកទេសនៅតាមផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នគរបាលជំនាញចរាចរណ៍ផ្លូវគោកខេត្ដកំពង់ស្ពឺ បានដាក់គោលដៅចុះត្រួតពិនិត្យ និងឃាត់រថយន្ដដឹកទំនិញសំពីងសំពោងលើសកម្ពស់ និងខុសលក្ខណៈបច្ចេកទេស ដែលផ្ទុយពី ច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតនៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងទទួលបន្ទុកចរាចរណ៍ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺដោយមានការឯកភាពពីគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺក្នុងការរឹតបន្តឹងការដឹកលើសកម្ពស់ លើសទម្ងន់បណ្តាលឲ្យខូចផ្លូវជាដើម។

ជាក់ស្ដែងមានរថយន្ដដឹកទំនិញធុនធ្ងន់ធំៗមួយចំនួននៅតែបំពានគោលការណ៍ ហើយឆ្លៀតឱកាសប្រព្រឹត្ដកំហុសឆ្លងថៃ្ងសំរាកជា ពិសេសគឺថៃ្ងសៅរ៍ ថៃ្ងអាទិត្យតែម្តង។

បើតតាមសម្តីរបស់លោកឧត្តមេសនីត្រី តាប់ លនស្នងការរងបានប្រាប់ឲ្យដឹងតាមទូរសព្ទ័ថាកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះលោកបានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ធ្វើការដាក់គោលដៅចុះត្រួតពិនិត្យ និងឃាត់រថយន្តដឹកទំនិញសំពីងសំពោង លើសកម្ពស់ និង ខុសលកខណៈបច្ចេកទេស ដែលផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់អនុក្រឹតលេខ៨៥ មាត្រាទី៨ ឍ-អ្នកបើកបរយាន្តយន្តផ្ទុកទំនិញល្មើសនឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥មាត្រា៥៦នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ណ- អ្នកបើកបររថយន្តធុនធ្ងន់ ដែលគ្មានរនាំងសុវត្ថិភាព ឬមានរនាំងសុវត្ថិភាពមិនត្រឹមត្រូវតាមបណ្តោយតួរថយន្តខាងក្រោមឬគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រឬគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រមិនដំណើរការ។ ត- រថយន្ត ដែលបិទឬបាំងកញ្ចក់ ត្រូវផាកពិន័យតាមច្បាប់ចាប់ពី១០ម៉ឺនរៀលឡើងទៅ ហើយត្រូវឲ្យរើឥវ៉ាន់ដាក់ផ្ទេរទៅរថយន្តមួយផ្សេងទៀត ឲ្យស្មើរទ្រុង និងធ្វើការអប់រំដល់អ្នកបើកបររថយន្តកុំឲ្យដឹកលើសកម្ពស់តទៅទៀត និងធ្វើកិច្ចសន្យាផងដែរ បើមិនរាងចាលលើកក្រោយពិន័យធ្វេគុណ។

លោកស្នងការរងបន្តថាព្រឹកមិញនេះកំពុងតែអនុវត្តន៍ស្រាប់តែមានរថយន្តកុងតឺន័រសណ្តោងកន្ទុយមួយគ្រឿងដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3C2884កន្ទុយក្រោយពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ4A2318 ដែលបើកបរដោយឈ្មោះទី សុខនឿន អាយុជាង៣០ឆ្នាំ រស់នៅក្នុងភូមិចារ ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើករថយន្តបុកបារ៉ាស់របស់សមត្ថកិច្ចបណ្តាលឲ្យរងការខូចខាតស៊ីជី(ស្លាកសញ្ញាដាក់តាមគោដៅ)ចំនួន០១ បារ៉ាស់ចំនួន០១ ផង ដែលហើយរថយន្តខាងលើព្យាយាមបើករត់គេចរហូតដល់ថ្នល់ទទឹងទើបកម្លាំងដេញតាមឃាត់បានយកមកធ្វើការផាកពិន័យ និងសងថ្លៃការខូចខាតសម្ភារសរុប៤០ម៉ឺនរៀលធ្វើការអប់រំណែនាំនឹងធ្វើកិច្ចសន្យាក្នុងការបើកបរបំពាន លោកស្នងការរងបន្តថានេះខូចខាតសម្ភារៈ ចុះបើថ្ងៃក្រោយបង្ករគ្រោះថ្នាក់ដល់កម្លាំងរបស់លោក និងប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនឹងត្រូវគ្រោះថ្នាក់យ៉ាងណា ឬដោះស្រាយយ៉ាងណាកើតរឿងកាន់តែធំៗឡើងជាក់ជាមិនខានឡើយ។

តែទោះបីយ៉ាងណាក្នុងនាមលោកស្នងការរងនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ សំណូមពរដល់ម្ចាស់អាជីវកម្មធំៗ ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមមធ្យោបាយផ្លូវគោកទាំងអស់ មេត្ដាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញផ្លូវថ្នល់ ដោយសារការដឹក លើសកម្ពស់ ផ្ទុកលើសទម្ងន់កំណត់ផងដែរ៕សេនា សក្តិ


ចែករំលែក៖