ខេត្តព្រៃវែង ៖ មន្ត្រីប៉ូលិសស្រុកបាភ្នំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញទាំងយប់ កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ឧសភា នៅចំណុចផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិត្រោក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់ពីរងការបាញ់ប្រហារពីជនមិនស្គាល់មុខមួយក្រុម ។
នគរបាលព្រហ្មទណ្ឌស្រុកបាភ្នំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេន ភារិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីនគរបាលស្រុកបាភ្នំ មានទីលំនៅក្នុងភូមិស្ពឺខាងកើត ឃុំស្ពឺ( ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ។ពុំមាននរណាម្នាក់អាចបញ្ជាក់ឲ្យបានច្បាស់អំពីមូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធនេះនៅឡើយទេ ហើយក៏មិនដឹងថាជនបង្កជានរណា និងមានគ្នាប៉ុន្មាននាក់នោះដែរ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅអង្គុយចុចទូរសព្ទ័នៅកន្លែងកើតហេតុតែម្នាក់ឯង ហើយក្រោយមកក៏ឮស្នូរផ្ទុះអាវុធកើតឡើង ហើយពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរោងដំរីទៅដល់កន្លែងផ្ទុះអាវុធ ជនបង្កបានរត់គេចខ្លួនបាត់អស់ ឃើញតែជនរងគ្រោះដួលដេកនឹងដីតែម្នាក់ឯង ហើយនៅលើដងខ្លួនជនរងគ្រោះមានរបួស២កន្លែង គឺស្មាស្តាំនិងថ្គាម ដែលបញ្ជាក់ថា ជនរងគ្រោះត្រូវគេបាញ់ចំស្មា ហើយគ្រាប់កាំភ្លើងបានបុកធ្លុះចេញពីស្មាធ្លាយទៅចូលក្នុងថ្គាមបៀមគ្រាប់ជាប់ក្នុងថ្គាម ។ជនរងគ្រោះត្រូវបាននគរបាលប៉ុស្តិ៍រោងដំរីដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្ណមពេញភ្លាមៗតែម្តង។
មន្ត្រីនគរបាលខេត្តព្រៃវែងបានបញ្ជាក់អោយដឹងផងដែរថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ឧសភា គឺព្រឹកថ្ងៃបន្ទាប់ សមត្ថកិច្ចនគរបាលស្រុក និងខេត្តជាច្រើននាក់បានចុះទៅពិនិត្យទីតាំងកើតហេតុ ហើយបានរកឃើញសំបកឡតគ្រាប់កាំភ្លើងប្រភេទ K54 ចំនួន១គ្រាប់នៅកន្លែងនឹងកើតហេតុ ។ក្រៅពីនោះគឺពុំឃើញមានអ្វីដែលជាតំរុយសោះឡើយ ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចសន្និដ្ឋានបានថា ករណីផ្ទុះអាវុធនេះវាជារឿងគំនុំ ឬក៏ជាករណីអ្វីផ្សេងឲ្យប្រាកដនៅឡើយទេ ព្រោះរង់ចាំជនរងគ្រោះដែលកំពុងសង្គ្រោះដឹងខ្លួនឡើងវិញ ទើបបញ្ចាក់ឲ្យដឹងបាន ៕ សហការី