ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ របួសជាង១០នាក់នៅស្ទឹងត្រែងករណីឡានមួយគ្រឿងក្រឡាប់ច្រើនត្រឡប់ជ្រុលទៅបុកផ្ទះពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានមនុស្សប្រុសស្រី៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៨នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តឈ្នួលដឹកអ្នកដំណើរចំនួន១១នាក់បានផ្ទុះកង់មុខបណ្តាលឲ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ទៅបុកចូលផ្ទះពលរដ្ឋនៅក្បែរផ្លូវទាំងកំរោលថែមទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង១៣ និង០៥នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៩ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍មាក់សុីណាដឹកអ្នកដំណើរចេញពីខេត្តព្រះវិហ៑ាឆ្ពោះទៅខេត្តរតនគិរីដោយឆ្លងកាត់ខេត្តស្ទឹងត្រែង មានមនុស្សជិះក្នុងរថយន្តចំនួន១២នាក់ទាំងអ្នកបើកបរ ។

ប្រភពបន្តទៀតថា រថយន្តបង្កគ្រោះនោះម៉ាកសុី ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខកំពង់ធំ២B.៧៦៧៨បើកបរក្នុងទិសដៅពីជើងមកត្បូងពេលចេញដំណើពីខេត្តព្រះវិហ៑ានៅ ពាក់កណ្តាលផ្លូវបែកកង់មួយគ្រាប់ហើយក៏ដោះដូររួចរាល់បន្តដំណើរទៅមុខទៀត លុះដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកងបណ្តាលឲ្យរេចង្កូតក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតបណ្តាលឲ្យជនរងគ្រោះនៅក្នុងរថយន្តខ្លះត្រូវខ្ទាតចេញមកក្រៅតាមកញ្ចក់រថយន្តបណ្តាលឲ្យស្លាប់ និងខ្លះទៀតត្រូវគៀបជាប់ក្នុងរថយន្ត ។

ក្នុងហេតុការណ៍នោះអ្នករងគ្រោះថ្នាក់ចរាចររហូតបាត់បង់ជីវិតមានចំនួន៣នាក់ ប្រុសពីរនាក់ ស្រីម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុ និង៨នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

នគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា រថយន្តខាងលើបង្កឡើងដោយខ្លួនឯង គ្រាដែលផ្ទុះកង់ ហើយរេចង្កូតក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀត ។

ក្នុងនោះមានជនរងគ្រោះចំនួន៣នាក់បានស្លាប់ ទី១ឈ្មោះ ផន គុំភុម ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ ឈ្មោះ រឿ វីត ភេទប្រុស អាយុ៣៨ឆ្នាំ និង៣ ភេទស្រី មិនទាន់ស្រាវជ្រាវដឹងអំពីអត្តសញ្ញាណនៅឡើយទេ ។

ចំណែកអ្នករួមដំណើ៨នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ឯអ្នកបើកបររថយន្តបន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចរួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំសំអាងកម្លាំងនគរបាលអធិការដ្ឋាននគរបាល ស្រុកថាឡាបរិវ៉ាត់កម្លាំងនគរបាលចរាចរផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថ ស្រុកបានចុះជួយអន្តរាគមន៍សម្រួលដល់ការធ្វើចរាចរ និងជួយញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងស្រាវជ្រាវរកអត្តសញ្ញាណក្រុមគ្រួសារជនរងគ្រោះដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវក្រុមគ្រួសារអ្នករងរបួសនោះបន្តទៀតផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖