ព័ត៌មានទាន់ហេតុការណ៍៖

រើសន្លឹកដែកអាលុយកាបូនពីធ្នើរខ្ពស់មកដាក់លើធ្នើរទាប ស្រាប់តែដាច់បាក់សង្កត់លើបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រួសារបានទ្រហ៊ោយំសោកស្តាយសមាជិកម្នាក់ ខណៈធ្វើការនៅក្នុងឃ្លាំងរបស់បងប្អូន ស្រាប់តែដាច់បាក់ធ្នឹមដែកសង្កត់លើបែកក្បាលស្លាប់ភ្លាមៗយ៉ាអាណោចអាធ័មកាលពីថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ស្ថិតនៅក្នុងឃ្លាំងសង់ថ្មីមួយកន្លែង ស្របផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កៅ ចាន់ណារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាមេការនៅទីនោះ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។

កម្មករឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា ឃ្លាំងខាងលើ មានស្តុកសន្លឹកអាលុយកាបូន ដែលគេយកមកសម្រាប់ធ្វើជាផ្ទាំងឡូហ្គោ ផ្ទាំងប៉ាណូ ដោយក្នុងមួយសន្លឹកមានទម្ងន់១៣គីឡូក្រាម ហើយមុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករចំនួន២នាក់ទៀត បានចូលទៅរើសន្លឹកអាលុយកាបូននោះ ដោយរើទាញសន្លឹកពីលើធ្នើរខាងលើ យកមករៀបដាក់នៅធ្នើរខាងក្រោយ ដោយកម្មករ២នាក់ ឡើងទៅខាងលើ ចំណែកជនរងគ្រោះរៀបនៅខាងក្រោម ។

ប្រភពបន្តថា ពេលដែលកំពុងតែទាញរៀបស្រាប់តែអកុសល ធ្នឹមធ្វើអំពីដែក បានដាច់ទឹកអន្សា
ធ្លាក់ទាំងសន្លឹកអាលុយកាបូនជាច្រើនសន្លឹក មកសង្កត់លើជនរងគ្រោះបណ្តាលឲ្យបែកក្បាល ស្លាប់ភ្លាមៗមួយរំពេច ប៉ុន្តែដោយសារតែបងប្អូនដែលជាក្រុមគ្រួសារ មិនអស់ចិត្តបាននាំគ្នាដឹកជនរងគ្រោះតាមម៉ូតូកង់បី បំណង់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ មិនទាន់ទាំងដល់ពេទ្យផង ក៏ដឹកសាកសពមកកន្លែងកើតហេតុវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចមូលជ្ឋានចុះមកពិនិត្យ និងបានទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័្ចយចុះមកពិនិត្យ ៕
តុង សីហា


ចែករំលែក៖