ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លើកឡើងថាទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ សុទ្ធតែសន្យា អះអាង អនុវត្តន៍តាមយុទ្ធសាស្រ្ត លក្ខណៈសម្បត្តិភូមិ-ឃុំមានសុវត្តិភាពទាំង ៩ចំណុច ដើម្បីបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខក្នុងមូលដ្ឋាន ជាសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ ចុះកាលបើល្បែងស៊ីសងកើតមាននៅក្នុងមូលដ្ឋានវិញ ដែលបង្កអសន្តិសុខ ដូចជាទីតាំងសង្វៀនជល់មាន់ និងកន្លែងលេងអាប៉ោង នៅភូមិចំរើនផល សង្កាត់បឹងទំពុន២ អាជ្ញាធរ សមត្ថកិច្ចម្តេចមិនមានវិធានការទប់ស្កាត់ បង្ក្រាបឲ្យបានផងដែរទៅ ឬមួយជាឆ្នាំងបាយ ឬបារមីខ្សោយជាងម្ចាស់ទីតាំង? ឬក៏គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះមាននៅតែលើស្លាកនោះទេ?
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ចំៗថា ទីតាំងសង្វៀនជល់មាន់និងលេងអាប៉ោងទាំងនេះមកពី លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ មិនយកចិត្តទុកដាក់ លុបបំបាតល្បែងស៊ីសងទាំងអស់នេះ ដើម្បីពង្រឹងសន្តិសុខសង្គម ស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថភាព ៩ចំណុច ។ ហេតុនេះហើយទើបល្បែងស៊ីសង រាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងទឹកដីខណ្ឌមានជ័យជាពិសេសនៅចំណុចសង្វៀនជល់មាន់ និងអាប៉ោង ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន២នឹងតែម្ដង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ការបណ្តោយឲ្យមាន ល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន គឺជាសញ្ញាបង្ហាញ ពីការបរាជ័យនៃការអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ និងបរាជ័យក្នុងការអនុវត្តខ្លឹមសារច្បាប់ ស្ដីពីល្បែងស៊ីសង។ ឥទ្ធិពលល្បែងស៊ីសង គឺជាប្រភពចម្បងនៃ អសន្តិសុខសង្គម ដូចជាអំពើហិង្សា ចោរកម្ម។ ការបណ្តោយឲ្យកើត មានល្បែងស៊ីសង ហាក់ដូចជាដើរបញ្ច្រាស ពីយុទ្ធសាស្ត្រកាត់បន្ថយ ភាពក្រីក្ររបស់រដ្ឋាភិបាល និងដើរបញ្ច្រាសពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ទីតាំងទាំងនោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សរសេរចុះផ្សាយ ដូចជាផុសផុល ហើយទីតាំងខាងលើ ក៏នៅតែបើកដំណើរការយ៉ាងរលូន វិញដដែល។
បើតាមប្រភពពីប្រជាពលរដ្ឋដដែលបានអោយដឹងទៀត ថាទីតាំងសង្វៀនជល់មាន់ នឹងអាប៉ោងនេះជាកន្លែងរបស់មន្ដ្រីផ្នែកព្រហ្មទណ្ឌម្នាក់ឈ្មោះ សាញ់ ដែលជាកូនចៅរបស់លោក តេង ស៊ីណូអធិការខណ្ឌមានជ័យផ្ទាល់តែម្ដង។
ទោះជាយ៉ាងណា ភ្នាក់ងារសារព័ត៌មាន កាសែននគរវត្ត មិនអាចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបាននោះទេ ហើយភ្នាក់ងារយើងនិងរងចាំការបំភ្លឺពីបញ្ហានេះ ៕ ភារ៉ា