ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាកLiberoឈប់ចតលើផ្លូវសាធារណៈត្រូវម៉ូតូបើកបុកបែកក្បាលហូរឈាមរបួសធ្ងន់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសបែកក្បាលរបួសហូរឈាមពេញផ្ទៃមុខសន្លប់ស្ដូកស្ដឹង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តឈប់ចតលើផ្លូវសាធារណៈមិនប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូបុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ ១៣ ស្ថិតក្នុងភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះម៉ែន វិច្ឆ័យ អាយុ ១៨ មុខរបរ កម្មករសំណង់ រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ខណៈជិះម៉ូតូម៉ាក្ស MSX ពណ៌ ខ្មៅ+ស គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។

ចំណែករថយន្ដបង្កហេតុម៉ាកLibero ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ២Q ០១០៦ បើកបរដោយឈ្មោះ ថុល ចាន់ ភេទ ប្រុស អាយុ ៣០ មុខរបរ បើកបរឲ្យក្រុមហ៊ុន សុីណូហាយត្រូ រស់នៅភូមិ តាម៉ៅ ឃុំ កំពង់គរ ស្រុក ព្រែកព្រសព្វ ខេត្ត ក្រចេះ ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានរថយន្ដម៉ាកLibero ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ២Q ០១០៦ ឈប់ចតបែរក្បាលទៅជើង ទៅត្បូង ខណៈនោះស្រាប់តែមាន ម៉ូតូម៉ាក្ស MSX ពណ៌ ខ្មៅ+ស គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ក៏បុកនឹងរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៍ និងដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំពោះមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីចាត់ការបន្តច្បាប់ ៕ យឹម សុថាន


ចែករំលែក៖