ព័ត៌មានទាន់ហេតុការណ៍៖

លុយមិនគ្រប់មន្ទីរពេទ្យស្រុកបរិបូណ៌មិនបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមន្ទីរពេទ្យខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលឈឺពោះជិតសម្រាលកូនម្នាក់ត្រូវបានក្រុមគ្រួសារដឹកតាមរ៉ឺម៉កម៉ូតូដើម្បីទៅសម្រាលនៅមន្ទីរពេទ្យ ប្រតិបត្តិស្រុកបរិបូណ៌ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះកាលពីព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ។

ក្រុមគ្រួសារបានឲ្យដឹងថា ស្រ្តីដែលឈឺ ពោះសម្រាលកូននេះឈ្មោះ ហ៊ឹម គឹមយី អាយុ២២ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារបានរៀបរាប់ឲ្យដឹងថា នៅ វេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៨ ស្រ្តីឈ្មោះ ហ៊ឹម គឹមយី បានឈឺពោះសម្រាលកូន ហើយក្រុម គ្រួសារបានហៅរ៉ឺម៉កម៉ូតូដឹកពីផ្ទះទៅមន្ទីរពេទ្យប្រតិបត្តិស្រុកបរិបូណ៌ដើម្បីឲ្យគ្រូ ពេទ្យជំនាញជួយសម្រាល។ ប៉ុន្តែនៅពេល ទៅដល់មន្ទីរពេទ្យស្រុកគ្រូពេទ្យស្រុកប្រាប់ក្រុមគ្រួសារថា មិនអាចសម្រាលនៅមន្ទីរ ពេទ្យស្រុកបានទេ ដោយឲ្យទៅសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តវិញដោយតម្រូវ ឲ្យអ្នកជំងឺមានលុយចំនួន១០ម៉ឺនរៀលដើម្បីយករថយន្តសាមុយដឹកមកមន្ទីរពេទ្យខេត្ត។ តែនៅពេលនោះក្រុមគ្រួសារប្រាប់ថា គាត់ មានតែលុយ៤ម៉ឺនរៀលប៉ុណ្ណោះឲ្យជួយដឹកទៅមន្ទីរពេទ្យបង្អែកខេត្តផងប៉ុន្តែគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកនៅតែមិនព្រមទៀតទើបក្រុមគ្រួសារសម្រេចចិត្តដឹកស្រ្តីដែលឈឺពោះសម្រាលកូននេះតាមរ៉ឺម៉ក ម៉ូតូទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ដោយសារដំណឹងនេះបានដឹងដល់ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ភ្លាមៗនោះលោកអភិបាលស្រុកបានបញ្ជាមកមន្ទីរពេទ្យប្រតិបត្តិស្រុកឲ្យយករថយន្តសាមុយមកដឹកស្រ្តីដែលឈឺពោះសម្រាលនេះភ្លាម ហើយខាងរថយន្តសាមុយបានបើកតាមរ៉ឺម៉កម៉ូតូដឹកស្រ្តីឈឺពោះឆ្លងទន្លេមកទាន់នៅចំណុចស្ពានសាបអង្កាមជិត ដល់ព្រុំប្រទល់រវាងស្រុករលាប្អៀរនឹងស្រុកបរិបូណ៌ទៅហើយ ។

ពាក់ព័ន្ធនឹងករណីនេះមិនអាចទាក់ទង សុំការបំភ្លឺពីលោក ឈុន ប៊ុនថា ប្រធាន មន្ទីរពេទ្យប្រតិបត្តិស្រុកបរិបូណ៌បានទេកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋបានរិះគន់ដល់គ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យប្រតិបត្តិស្រុក បរិបូណ៌ថា ករណីបែបនេះកោតតែខាង មន្រ្តីនៃមន្ទីរពេទ្យធ្វើទៅកើតយ៉ាងណាគួរបញ្ជូនអ្នកជំងឺដល់កន្លែងដែលមានសុវត្ថិភាពសិនចុះ ព្រោះថាបើអ្នកជំងឺមានបញ្ហាតាមផ្លូវតើខាងណាជាអ្នកទទួលខុសត្រូវ?ប្រាប់អ្នកជំងឺថា មិនអាចសម្រាលនៅនឹង មន្ទីរពេទ្យប្រតិបត្តិស្រុកបានដោយមិនព្យាយាមឆាប់បញ្ជូនទៅឲ្យដល់គោលដៅទេ បែរជាបដិសេធមិនបញ្ជូនទៅដោយសារលុយមិនគ្រប់ទៅវិញ។ បែបនេះហើយ ដែលប្រជាពលរដ្ឋច្រើនតែនិយាយមិនឈប់អំពីអំពើអសកម្មរបស់មន្រ្តីពេទ្យមួយចំនួន ដែលគិតតែលក្ខណៈច្បាស់លាស់ពេកមិនគិតអំពីស្ថានភាពជាក់ស្តែងនៃអ្នកជំងឺ និង ស្ថានភាពជីវភាពនោះទេ។ ពេលខ្លះលុយ ពិតជាមានសារសំខាន់ចុះជីវិតមនុស្សយ៉ាងម៉េចទៅវិញ? ៕ ចន្ថា


ចែករំលែក៖