ភ្នំពេញ ៖ ក្រុមជនសង្ស័យដែលជំនាញ លួចកាច់សោកម៉ូតូ៥នាក់ត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងមួយសំបុកធំដោយស្រាវ ជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃ សៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្រោយទទួលបានព័ត៌មាន សម្ងាត់ពីភ្នាក់ងារថា មានជនសង្ស័យម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្គូពី ពណ៌ សពីខេត្តសៀមរាបមកផ្ញើទុកនៅក្នុងមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី។
ក្រោយពេលទទួលបានព័ត៌មានកម្លាំង ជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធ ហត្ថរាជធានីភ្នំពេញបានសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យចុះ ស្រាវជ្រាវជាក់ស្តែងរហូតដល់វេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃដដែលសមត្ថកិច្ច អាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដា ស្គូពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1GJ-9589 (ជាស្លាកលេខក្លែងបន្លំ) នៅ មុខមន្ទីរពេទ្យរុស្ស៊ី។
យោងតាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យបាន សារភាពថា រូបគេមានឈ្មោះ គឹម ណាយ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅសង្កាត់កោះកុង ក្រុងខេមភូមិន្ទ ខេត្តកោះកុង។ រីឯម៉ូតូ១គ្រឿងម៉ាក ហុងដាស្គូពីខាងលើពុំមែនជារបស់រូបគេ ឡើយ ដោយរូបគេគ្រាន់តែជន ម្នាក់ឈ្មោះ សិទ្ធិ ហៅ ឌី ស្នាក់នៅឯខេត្ត សៀមរាបប្រាប់ឲ្យមកទទួលម៉ូតូពីបុរសម្នាក់នៅពេទ្យ រុស្ស៊ី និងយកថ្នាំញៀន១កញ្ចប់ប្រគល់ឲ្យ បុរសនោះត្រឡប់ទៅវិញ។ រីឯថ្នាំញៀន ដែលប្រគល់ឲ្យទៅបុរសជាអ្នកជិះម៉ូតូមក ពីសៀមរាបនោះ គឺឈ្មោះ សិទ្ធិ ហៅ ឌី ដែលនៅឯខេត្តសៀមរាបបានឲ្យរូបខ្លួនទៅ ទទួលយកពីបុរសម្នាក់ផ្សេងទៀតនៅក្រោម ស្ពានអាកាសស្ទឹងមានជ័យ។
ក្រោយពីក្តាប់ព័ត៌មានបានយ៉ាងច្បាស់ លាស់ថា ជនសង្ស័យដែលជាមេខ្លោង ឈ្មោះ សិទ្ធិ ហៅ ឌី កំពុងលាក់ខ្លួននៅក្នុង បន្ទប់លេខ៥ ផ្ទះសំណាក់ម៉ានីអង្គរ ខេត្ត សៀមរាប អាវុធហត្ថរាជធានីភ្នំពេញបាន ផ្តល់ព័ត៌មានស្តីពីអត្តសញ្ញាណ, រូបថត និង ទីតាំងទៅដល់អាវុធហត្ថខេត្តសៀមរាប ដើម្បីចុះស្រាវជ្រាវ។ រហូតដល់វេលាម៉ោង ៦ល្ងាចថ្ងៃដដែល អាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ត បន្ទាប់តាមការចង្អុលបង្ហាញរបស់អាវុធ ហត្ថរាជធានីភ្នំពេញ និងចាប់យកវត្ថុតាង មួយចំនួន ដូចជា ស្លាកលេខម៉ូតូចំនួន ១១បន្ទះ, ម៉ូតូចំនួន២គ្រឿង គឺម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 5237632 (ពាក់ស្លាកលេខក្លែងបន្លំ ព្រៃវែង 1L-6558) និងម៉ាកហុងដា zoomer-X ពណ៌ ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួ/លេខម៉ាស៊ីន 5118483 (ពាក់ស្លាកលេខ ក្លែងបន្លំ ភ្នំពេញ 1GY-1279) ព្រមទាំង សម្ភារៈកាច់សោកមួយចំនួនធំ ។
លុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តសៀមរាបបានសហ ការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខបើក ការស្រាវជ្រាវបន្តរហូតឈានដល់ឃាត់ ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សំ រស្មី អាយុ២៧ឆ្នាំ នៅចំណុចភូមិ២ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល ជននេះ គឺជាអ្នកចាត់ចែងយកម៉ូតូដែល លួចបានទៅលក់បន្ត ព្រមទាំងចាប់យក វត្ថុតាង រួមមានម៉ូតូម៉ាកហុដា CBR ពណ៌ ខ្មៅបិទស្គុតពណ៌ក្រហម១គ្រឿង ស្លាក លេខ ព្រះសីហនុ 1F-0322 ជាម៉ូតូលួច កាច់សោកមកពីខេត្តសៀមរាប និងបាន ទៅឆែកឆេរនៅបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌ ស១កញ្ចប់ធំ និង១២កញ្ចប់តូច, ជញ្ជីង ថ្លឹង១, ថង់ច្រកគ្រឿងញៀនមួយចំនួន, កញ្ឆាក្រៀម១ស្បោង, បំពង់ជក់១, សោ១ ឈុតធំ និងម៉ូទ័រ៣គ្រឿង។
បច្ចុប្បន្នក្រុមជនសង្ស័យដែលជំនាញ លួចកាច់សោកម៉ូតូទាំង៥នាក់ត្រូវបាន ប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តសៀមរាប កាលពីយប់ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបន្តនីតិវិធីតាម ផ្លូវច្បាប់ ៕ ស តារា