ព័ត៌មានទាន់ហេតុការណ៍៖

ហាងKaraoke យីហោ ម៉ាន់នី នៅផ្លូវ២០០៤ លក់ស្រាបៀរមួយកេស២០$ តែផឹកមិនទាន់អស់កន្លះកេសផង គិតលុយអស់ជាង៥០មុឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីហាង Karaoke យីហោ ម៉ាន់នី KTV មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បានប្រើល្បិចឲ្យភ្ញៀវចូលផឹកសុី ដោយប្រាប់ថាតម្លៃធូថ្លៃ តែពេលគិតលុយ បែជាថ្លៃកប់ពពក បង្កឲ្យភ្ញៀវដែរចូលទៅច្រៀងសប្បាយនោះ បានប្រែទឹកមាត់ស្វាងស្រា និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើន និងសមត្ថកិច្ចចុះទៅអន្តរគមន៍ កាលពីវេលាម៉ោង១១យប់ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។

បើតាមសម្ដីយុវជន៣នាក់ ដែលជាអ្នកចូលផឹកសុីក្នុងហាង យីហោ ម៉ាន់នីKTVខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលមានរឿងនេះ គឺ ពួកគាត់បានធ្វើដំណើរតាមផ្លូវ២០០៤នេះ ដោយគ្មានបំណងចង់ចូលផឹកសុីនោះទេ តែពេលពួកគាត់ជិះឌុបគ្នាមកដល់មុខហាងខាងលើ ក៏ត្រូវបានគេកាក់ម៉ូតូអោយឈប់ និងឲ្យចូលក្នុងហាងខារាអូខេ ដោយនិយាយប្រាប់តំលៃផឹកសុីធូរធ្លៃពេក ដោយមួយឈុត ស្រាបៀរគិតតែ២០ដុល្លារតែប៉ុណ្ណោះ និងហ្វ្រីមុខម្ហូប៤មុខទៀត ។ រួចពួកគាត់ក៏ចូលផឹកសុីនៅទីនោះទៅ ដោយពួកគាត់មិនបានហៅរបស់ហូបថែម រឺក៏នារីមកអង្គុយក្បែរដែរ ។

យុវជនទាំង៣នាក់ខាងលើបានបន្តថា ដោយពួកគាត់កំពុងតែអង្គុយផឹក ឃើញមានម្ហូបគេលើកដាក់ឲ្យជាហូហែរទាំងមិនបានហៅ រួចពួកគាត់មានការសង្ស័យ ក៏ឲ្យគិតលុយ ត្រឹមស្រាបៀរកន្លះកេស ។ ដល់ពេលយកបុងមកមើល ស្រាប់តែអស់៥៨មុឺនរៀល វាលើពីអ្វីដែលបានប្រាប់មុននិងចូលផឹកសុីនោះ ។ ទើបធ្វើឲ្យពួកគេកើតទុកមិនសុខចិត្ត មានការតវ៉ាគ្នាទៅវិញទៅមក រហូតម្ចាស់ហាងបានយកម៉ូតូមួយគ្រឿងរបស់យុវជនទាំង៣នាក់ខាងលើ ទៅទុកក្នុងហាងតែម្ដង ។ បន្ទាប់មកក៏មានការឆោឡោឡើងដល់សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចឃាត់អ្នកមើលការម្នាក់ និងយុវជនទាំង៣នាក់ខាងលើទៅកាន់ប៉ុស្តិ៍នគរបាល កាកាប១ ដើម្បីធ្វើការសួរនាំ ។

ក្រោយពីមានការសួរនាំពីសមត្ថកិច្ចមូលដ្ឋានរួចហើយនោះ ភាគីខាងខារាអូខេ យីហោ ម៉ាន់នីKTVខាងលើ សុំយកលុយពីយុវជនទាំង៣នាក់ខាងលើ ត្រឹមតែ២០$ ដើម្បីបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍តែម្ដង ។

សូមបញ្ជាក់ថា រឿងខារាអូខេនៅតាមផ្លូវ២០០៤តែងតែកោភ្ញៀវនេះ គឺកើតមានឡើងស្ទើរតែរាល់ថ្ងៃផងដែរ ហើយក៏ធ្លាប់មានរឿងផ្ទុះហឹង្សាដាក់ភ្ញៀវផងដែរ ដូចនេះសូមបងប្អូនដែលមានបំណងចូលខារាអូខេម្តុំនេះសូមពិចារណាសិនមុននិងចូល ហើយក៏សូមឲ្យអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ជួយមានវិធានការរៀបចំសណ្ដាប់ធ្នាប់ទីកន្លែងនេះឲ្យបានល្អផង ដើម្បីអនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖