ព័ត៌មានទាន់ហេតុការណ៍៖

កម្មករនេសាទស្រវឹងស្រាបង្កហិង្សា ទះ២ដៃ សងវិញ១កាំបិតត្រង់កស្លាប់ស្តូក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅក្នុងពេលផឹកស៊ីមានតែគ្នា២នាក់ប៉ុណ្ណោះពេលស្រវឹងជោកជាំរៀងខ្លួន បង្កជាជម្លោះហិង្សាបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីម៉ោងជិត១១យប់ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ទោភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា​ហេតុការណ៍ខាងលើនេះកើតឡើងនៅក្រុម២៧ភូមិ ៣សង្កាត់លេខ១ក្រុងព្រះសីហនុ ជាករណីផឹកសុីឈ្លោះគ្នាបង្កឡើងដោយជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះយ៉ែម តក់ហៅ(ធា) ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើត ភូមិមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរជាតៃកុងទូកនេសាទ ស្នាក់នៅលើទូក។

រីឯជនដៃដល់យកកាំបិតចុងស្រួចចាក់ទៅលើជនបង្កជាជនរងគ្រោះឲ្យស្លាប់នេះ ឈ្មោះឆាយ រ៉ាហៅ(ប្រុស) អាយុ៥៤ឆ្នាំ ជាជនជាតិខ្មែរមុខរបរកម្មករនេសាទដូចគ្នា មានទីលំនៅក្រុម១៩ ភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមការរៀបរាប់របស់ជនដៃដល់បានឲ្យដឹងថា មុនកើតហេតុពួកគេទាំង០២នាក់បានអង្គុយផឹកស៊ីនៅលើផែចតទូកកន្លែងកើតហេតុខាងលើ បានជជែកគ្នាពីរឿងជនដៃដល់ខាងលើបានប្រើឲ្យជនរងគ្រោះវាស់ប្រវែងមងជាឧបករណ៍នេសាទខុសក៏បានស្តីបន្ទោសបន្តិចបន្តួចទៅលើជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះខឹង ក៏ស្ទុះមកដាល់ចំនួន២ដៃទៅលើផ្ទៃ មុខជនដៃដល់បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង។ ពេលនោះជនដៃដល់ក៏ខឹងច្រឡោតហើយក៏បានយកកូនកាំបិតដងឈើស្ទុះទៅចាក់ចំដើមទ្រូងខាងឆ្វេងមួយកាំបិតទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយធ្វើសកម្មភាពចាក់សម្លាប់រួចជនដៃដល់បានជិះម៉ូតូមួយគ្រឿងរត់គេចខ្លួន ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០១ក្រុងព្រះសីហនុ ទទួលបានព័ត៌មានខាងលើ និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាតាមស្វែងរកជនដៃដល់ឃាត់ខ្លួនឲ្យខាងតែបាន ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងព្រះសីហនុ បានដាក់កម្លាំងពួនស្ទាក់តាមផ្លូវគ្រប់ច្រកល្ហក ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បាននៅវេលាម៉ោង១១យប់ ពេលវេលាខាងលើ នៅតាមបណ្តោយផ្លូវចុះមកពីស្ថានីប្រេងភី.ធី.ធី ចូលមកផ្សារលើក្រុងព្រះសីហនុ។

ក្រោយពេលឃាត់ខ្លួនបានជនដៃដល់ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងព្រះសីហនុសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖