ខេត្តបាត់ដំបង៖ គ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៧គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរដីការមួយកន្លែង នៅចំណុចភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់នៅចំណុចខាងលើ ភ្លាមៗនោះ លោកបានអោយកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍ចុះទៅពិនិត្យ ដាក់ស្លាកសញ្ញាហាមឃាត់ និងរាយការណ៍បន្តទៅអង្គភាពCMAC ដើម្បីចុះមកពិនិត្យ។
លោកបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំងនេះ មានគ្រាប់ប្រភេទកាំភ្លើងត្បាល់៦០មីលីម៉ែត្រចំនួន ១៤គ្រាប់ និងគ្រាប់ប្រភេទ៨០មីលីម៉ែត្រចំនួន ២៣គ្រាប់ ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ។
ក្រោយពីធ្វើការប្រមូលគ្រាប់យុទ្ធភ័ណ្ឌទាំងនេះរួច ក៏បានប្រគល់ជូនទៅអង្គ ភាពCMAC ដើម្បីយកទៅដុតកំទេចចោលផងដែរ៕ សំ វិច្ឆិកា