ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រមាណ ១៤ ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន១នាក់ និងបាត់ខ្លួនចំនួន០១នាក់ នៅចំណុចក្នុងទឹកស្ទឹ ងចំងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុ ប្រហែលជាង ៧០ឆ្នាំ រួមជាមួយនឹងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ ៨ឆ្នាំ នៅបាត់ខ្លួន។
បើតាមការបញ្ជាក់ពីនគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា៖ ហេតុការណ៍នេះ នៅកាលពីវេលាម៉ោងប្រមាណ ០៨:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីស្ត្រីចំណាស់ម្នាក់បានបីចៅដើរឆ្លងកាត់ស្ទឹងដែលមានទឹកហូរតិចៗដើម្បៅ ជនរងគ្រោះទាំងពីរបានទៅចំការដូចសព្វដង ប៉ុន្តែថ្ងៃកើតហេតុនេះជនរងគ្រោះជាយាយបានស្ពាយធុងបាញ់ថ្នាំស្មៅនៅជាប់នឹងខ្លួន ចំណែកចៅប្រុសវិញបានជិះកយាយ រួចធ្វើដំណើរឆ្លងកាត់ទឹកស្ទឹងដែលកុំពុងហូរតិចៗដើម្បីឆ្ពោះទៅកាន់ត្រើយម្ខាងទៀត ដែលនៅជាប់នឹងចំការរបស់គាត់ លុះរហូតដល់វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះទាំងពីរបានមកដល់កន្លែងកើតហេតុ ដើម្បីត្រឡប់ទៅផ្ទះវិញ ដោយបានដើរឆ្លងកាត់ទឹកស្ទឹង ដោយយាយមានស្ពាយធុងសម្រាប់បាញ់ថ្នាំស្មៅ ចំណែក ចៅប្រុសបានជិះកយាយដដែល លុះឆ្លងដល់ពាក់កណ្តាល ស្ទឹង គាប់ជួននោះជំនន់ទឹកភ្លៀងបានហូរធ្លាក់មកពីខាងលើយ៉ាងគំហុកបានបោកបក់ជនរងគ្រោះទាំងពីរឲ្យរអិលជើងដួលទប់លែងជាប់ និងបានរសាត់តាម ទឹកហូររហូត បណ្ដាលឲ្យយាយលង់ទឹកស្លាប់ៗភ្លាមៗ ចំណែកចៅប្រុសវិញបានរសាត់តាមទឹកហូរដោយពុំទាន់រកឃើញ និងមានស្ថានភាពយ៉ាងណានៅឡើយទេ មកទល់នឹងបច្ចុប្បន្ននេះ ។
បច្ចុប្បន្នកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២១ ប្រមាណចំនួន ៤០នាក់ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ាន់ ភួយ មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ ៨២១ ដើម្បីស្វែងរក និងកំពុងរុករកតាមបណ្តោយខ្សែទឹកហូរនៃភូមិសាស្ត្រក្នុងតំបន់ ៕ ស សារ៉េត