ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​១គ្រឿង​ជិះ​គ្នា​២នាក់បុក​ពីខាង​ក្រោយ​រថយន្ត​ធុនធំ​ខូចកណ្តាលផ្លូវស្លាប់ម្នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ ប្រភពពីនគរបាលឲ្យដឹងថា នៅវេលាម៉ោងជិត៨យប់ ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨​ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ ជិតរោងចក្រញូស្តារស្ថិតនៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ ម៉ូតូ​០១គ្រឿង​ជិះ​គ្នា​ចំនួន​២នាក់​ មានទិសដៅចូល​មក​ ក្រុងព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បុក​ពីខាង​ក្រោយ​រថយន្ត​ធុនធំ​ ០១គ្រឿង​ដែលខូច​ឈប់​ចត​នៅ​ជាយផ្លូវ​ ទិសដៅ​ស្របគ្នា​ បណ្ដាល​ឲ្យ​ភាគីខាងម៉ូតូស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​ ម្នាក់ទៀតរងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ ។

ប្រភពដដែលបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ថន ឃៀង ភេទប្រុស បានស្លាប់ក្រោយពេលបញ្ជូនទៅគ្លីនិច ២ ឈ្មោះ បាន់ ទិត ភេទប្រុស អ្នករួមដំណើររងរបួសធ្ងន់ ។

រីឯ​វត្ថុ​តាង​រថយន្ត​ និង​ ម៉ូតូ​ ​បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ។ ភ្លាមៗ សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយទេ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖